ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ទិសដៅការងារបន្ត បទបញ្ជា-សភាពការណ៍ថ្មីៗ ឆ្នាំ២០២៦ នារសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានកោតសរសើរ ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទភារកិច្ចកន្លងមក ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង គោរពបទវិន័យ ក្រមសីលធម៌ សុជីវធម៌ ប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានយ៉ាងខ្ជាប់ខ្ជួន ទាំងកិច្ចការងារជំនាញ ការពារសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមកធ្វើដំណើរកំសាន្ត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសបានបង្ការទប់ស្កាត់និងបង្ក្រាប ក្មេងទំនើង, គ្រឿងញៀន, ល្បែងស៊ីសង, ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) ព្រមទាំងបទល្មើសៗផ្សេងៗ បានយ៉ាងម៉ឹងម៉ាត់ ស្របតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់បទបញ្ជាដល់ លោកមេបញ្ជាការរង ប្រធានមន្ទីរជំនាញ ក៏ដូចជា លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ត្រូវតែបន្តការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យនៅតែរក្សាបានស្នាដៃកាន់តែប្រសើរឡើងស្របស្ថានភាពសង្គម ជាពិសេសចំពោះមុខត្រូវយកចិត្តទុកដាក់ចូលរួម ជាមួយគណៈបញ្ជាការឯកភាពរាជធានី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខានតែបាន និងហាមដាច់ខាត ចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់៕
ដោយ៖តារា










