ភ្នំពេញ៖ ដើម្បីរួមចំណែកជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សារដើមគដែលបញ្ឈប់ការលក់ដូរ លើចិញ្ចើមផ្លូវនិងទ្រូងផ្លូវគ្មានសណ្ដាប់ធ្នាប់ និងដើម្បីផ្តល់ជាជម្រើសកាន់តែច្រើនដល់អាជីវករផ្សារបន្លែបោះដុំរលួសថ្មី ស្ថិតនៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិងកំពុងលេចរូបរាងឡើង ហើយបានរួចរាល់៨០ភាគរយជាមួយតូបលក់ដូរចំនួនជាង២០០០តូបដែលមានទំហំតូបនីមួយៗ ៥ម៉ែត្រគុណ១០ ម៉ែត្រ បច្បុបន្នសង់រួចរាល់បានចំនួន៥០០តូបហើយ និងមានទីតាំងលើផ្ទៃដី ២៦ហិកតាធំទូលាយ ។
ស្របតាមយុទ្ធសាស្ត្ររបស់អាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់និងសោភ័ណភាពទីក្រុង អាជីវករដែលធ្លាប់លក់ដូរលើចិញ្ចើមផ្លូវនិងទ្រូងផ្លូវជុំវិញផ្សារដើមគ និងអាជីវករនានាក៏អាចមានជម្រើសកាន់តែច្រើន តួយ៉ាងផ្សារដើមគថ្មីនៅទិសខាងជើង ដោយឡែកផ្សារបោះដុំបន្លែរលួសថ្មីនេះក៏កំពុងកសាងឡើងស្ថិតនៅទិសខាងត្បូង ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការស្តុកទុក
និងបោះដុំចែកចាយបន្លែ ផ្លែឈើ ត្រី សាច់ ជាដើមនេះ ។
យោងតាមលោកឆឹង ឆាវហ្ស៊ាង ប្រធានផ្សារបោះដុំរលួស តំណាងឱ្យអាជ្ញាធរដែនដីផងនោះបានឱ្យដឹងថា៖ ផ្សារបោះដុំរំលួសស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ លើផ្លូវជាតិលេខ២ជាប់ជាមួយផ្លូវក្រវាត់ក្រុងទី៣ ដែលងាយស្រួលដល់ការដឹកជញ្ជូន បន្លែ ផ្លែឈើ ត្រីសាច់ជាដើមពីបណ្តាខេត្តចូលមករាជធានីភ្នំពេញដើម្បីចែកចាយបន្តដល់អតិថិជនរបស់ខ្លួន។
អ្វីដែលជាចំណុចសំខាន់ ការលក់ដូរនៅផ្សារបោះដុំរលួសអាចឱ្យបងប្អូនអាជីវករលក់ដូរងាយស្រួលជាមួយតូបលក់មានទំហំធំ ៥ម៉ែត្រគុណ១០ ម៉ែត្រ ក្នុងមួយតូប និងត្រូវបានកសាងឡើង ដោយមានការរៀបចំបណ្តាញហេដ្ឋារច នាសម្ព័ន្ធត្រឹមត្រូវ ទាំងអគ្គិសនីរដ្ឋ ទឹកស្អាតនិងលូបង្ហូរទឹកកង្វក់ធំ។ ចំណែកផ្លូវក្នុងផ្សារក៏មានទទឹងរហូតដល់១៦ម៉ែត្រ ងាយស្រួលទាំងរថយន្តធុនធំចូលដាក់និងលើកឡើងលើរថយន្តផងដែរ ។
លោក ឆឹង ឆាវហ្ស៊ាង បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៤ ខែមករាឆ្នាំ២០២៦ថា៖ បច្ចុប្បន្នផ្សារនេះសាងសង់បានជាង៨០% ក្នុងជំហានទី១មាន៥០០តូប ដែលសាងសង់លើផ្ទៃដីជាង២០ហិកតា ។ ក្នុងរយៈពេល១៥ថ្ងៃខាងមុខ ផ្សារនេះ នឹងបើកដំណើរការ ខណៈពេលនេះ អាជីវករអាចទាក់ទងកក់ទុក និងទទួលបានឱកាសជាច្រើន ដូចជាតម្លៃជួលទាបរួមទាំងមានបន្ទប់ទឹកតាមតូបនីមួយៗរៀងៗខ្លួន និងលក់ដូរហ្រ្វីរយៈ១ឆ្នាំខាងមុខផ្សារពេលយប់ អ្វីដែលម្ចាស់ផ្សារគិតគូរដល់ជាជីវករថែមទៀត ប្រសិនបើបងប្អូនលក់ដូរបន្លែនៅសល់ នឹងជួយទិញយកសម្រាប់កែច្នៃជាចំណីសត្វក្នុងតម្លៃសមរម្យពីអាជីវករ ។
សូមបញ្ជាក់ថា ផ្សារបន្លែបោះដុំរលួសនេះ ត្រូវបានវិនិយោគដោយអាណិកជនខ្មែរចិនដែលរស់នៅកម្ពុជាជាង១០ឆ្នាំ មកហើយ ក្នុងទុនវិនិយោគជាង៣លានដុល្លារ លើផ្ទៃដី ចំនួន២៦ហិកតា ៕
ដោយ៖ សំរិត









