ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានគំរាមកាលថ្ងៃសៅរ៍ថា លោកនឹងដាក់ពន្ធគយ ១០០% លើកាណាដា ប្រសិនបើប្រទេសនេះបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ហើយបានព្រមាននាយករដ្ឋមន្ត្រីកាណាដា ម៉ាក ការនី (Mark Carney) ថា កិច្ចព្រមព្រៀងបែបនេះអាចធ្វើឲ្យប្រទេសរបស់លោកប្រឈមគ្រោះថ្នាក់។
ចំណែកក្នុងវីដេអូមួយនៅថ្ងៃសៅរ៍ លោក ម៉ាក ការនី បានអំពាវនាវឲ្យជនជាតិកាណាដាទិញផលិតផលក្នុងស្រុក ប៉ុន្តែមិនបាននិយាយផ្ទាល់អំពីការគំរាមដាក់ពន្ធរបស់ត្រាំឡើយ។ លោកបាននិយាយថា«នៅពេលសេដ្ឋកិច្ចរបស់យើងកំពុងរងការគំរាមកំហែងពីក្រៅ ប្រជាជនកាណាដាបានជ្រើសរើសផ្តោតលើអ្វីដែលយើងអាចគ្រប់គ្រងបាន។ យើងមិនអាចគ្រប់គ្រងអ្វីដែលប្រទេសផ្សេងៗធ្វើបានទេ ប៉ុន្តែយើងអាចធ្វើជាអតិថិជនល្អបំផុតសម្រាប់ខ្លួនឯង»។
នាយករដ្ឋមន្ត្រីកាណាដា បានធ្វើដំណើរទៅចិននៅខែនេះ ដើម្បីស្ដារឡើងវិញទំនាក់ទំនងដែលតានតឹងរវាងប្រទេសទាំងពីរ ហើយបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មធំទីពីររបស់កាណាដា បន្ទាប់ពីសហរដ្ឋអាមេរិក។
ទោះយ៉ាងណា Dominic LeBlanc រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម កាណាដា-អាមេរិក បាននិយាយនៅថ្ងៃសៅរ៍តាមរយៈបណ្តាញ X ថា «មិនមានការបន្តរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនឡើយ។ អ្វីដែលបានសម្រេច គឺការដោះស្រាយបញ្ហាពន្ធគយសំខាន់ៗមួយចំនួនប៉ុណ្ណោះ»។
ស្ថានទូតចិនប្រចាំកាណាដា បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកាណាដា ដើម្បីអនុវត្តកិច្ចព្រមព្រៀង និងការយល់ព្រមសំខាន់ៗ ដែលបានឈានដល់ដោយមេដឹកនាំនៃប្រទេសទាំងពីរ។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដា បានកើនឡើងក្នុងថ្ងៃចុងក្រោយៗនេះ បន្ទាប់ពី លោក ការនី បានរិះគន់ការបន្តគោលនយោបាយរបស់លោកត្រាំ ក្នុងការតាមយក Greenland។
នៅថ្ងៃសៅរ៍ លោកត្រាំក៏បានលើកឡើងថា ចិនអាចនឹងព្យាយាមប្រើប្រាស់កាណាដា ដើម្បីជៀសវាងពន្ធគយរបស់សហរដ្ឋអាមេរិក។លោក ត្រាំបានថ្លែងថា «បើអភិបាល ការនី គិតថា គាត់អាចធ្វើឲ្យកាណាដាក្លាយជា “ច្រកចេញចូល” សម្រាប់ចិន ក្នុងការបញ្ជូនទំនិញ និងផលិតផលចូលទៅសហរដ្ឋអាមេរិក នោះគាត់គិតខុសយ៉ាងខ្លាំង»។
បើលោក ត្រាំ អនុវត្តការគំរាមដាក់ពន្ធដែលបានលើកឡើងនៅថ្ងៃសៅរ៍នោះ ពន្ធថ្មីនេះនឹងធ្វើឲ្យអត្រាពន្ធគយរបស់សហរដ្ឋអាមេរិកលើប្រទេសជិតខាងភាគខាងជើងរបស់ពួកគេកើនឡើងយ៉ាងខ្លាំង ហើយបន្ថែមសម្ពាធទៅលើវិស័យឧស្សាហកម្មកាណាដាជាច្រើន ដូចជា ការផលិតលោហៈ ឧស្សាហកម្មយានយន្ត និងម៉ាស៊ីនឧស្សាហកម្ម៕










