ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនកម្មករ និយោជិតទាំងអស់នៃរោងចក្រ ត្រាយអាហ្វិន ដ្រេហ្គន (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ និងសាខាសហគ្រាសស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឱ្យបានជ្រាបថា នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ មានករណីបងប្អូនកម្មករនិយោជិតនៃរោងចក្រខាងលើ បានធ្វើកូដកម្មទាមទារឱ្យរោងចក្រអនុវត្តនូវលក្ខខណ្ឌការងារមួយចំនួនក្នុងនោះ ទាមទារឱ្យម្ចាស់ ឬនាយកនៃ រោងចក្រទូទាត់ការឈប់សម្រាកប្រចាំឆ្នាំរបស់ខ្លួនជាប្រាក់។
យោងតាមកថាខណ្ឌទី៣ មាត្រា១៦៧ នៃច្បាប់ស្តីពីការងារ ចែងថា “អនុសញ្ញារួមណាដែលមានគ្រោងឱ្យ ប្រាក់បំណាច់ដើម្បីទូទាត់សម្រាប់ជួសការឈប់សម្រាកព្រមទាំងការព្រមព្រៀងស្តីពីការបោះបង់ ឬមិនព្រមប្រើសិទ្ធិ ឈប់សម្រាកប្រចាំឆ្នាំត្រូវទុកជាមោឃៈ ហើយគ្មានហេតុផលអ្វីទាំងអស់” មានន័យថា ការឈប់សម្រាកប្រចាំឆ្នាំ ដែលមានប្រាក់ឈ្នួលមិនអាចទូទាត់ជាប្រាក់នៅពេលដែលកម្មករនិយោជិតកំពុងធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្របានទេ តែអាចទូទាត់ជាប្រាក់បាននៅពេលរំលាយកិច្ចសន្យាការងារ (បញ្ឈប់ពីការងារ)។ ការឈប់សម្រាក ប្រចាំឆ្នាំចំនួន ១៨ថ្ងៃ ក្នុងមួយឆ្នាំ គឺជាពេលវេលាមួយដែលតម្រូវឱ្យកម្មករនិយោជិតធ្វើការឈប់សម្រាកដើម្បី ថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។
ជាមួយគ្នានេះ ក្រសួងក៏សូមអំពាវនាវដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបងប្អូន កម្មករនិយោជិតទាំងអស់ មេត្តាចូលរួមដោះស្រាយដោយស្មារតីនៃការយោគយល់គ្នា សន្តិវិធី និងចៀសវាងការយក ជម្រើសធ្វើការតវ៉ា ឬកូដកម្មដែលមិនមានចែងក្នុងច្បាប់ជាអាទិ៍ ការបិទផ្លូវសាធារណៈ នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សណ្តាប់ធ្នាប់សាធារណៈ ដែលសកម្មភាពបែបនេះគឺជាការប្រព្រឹត្តល្មើសច្បាប់ស្តីពីការងារផង និងជាបទល្មើស ព្រហ្មទណ្ឌផងដែរ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនកម្មករនិយោជិតទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖តារា










