លោក ហួត ហៃ៖ ការអប់រំគឺជាកូនសោសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិព្រោះថាឧត្តមភាពប្រកួតប្រជែងរបស់ប្រជាជាតិគឺអាស្រ័យទៅលើការកសាងធនធានមនុស្ស                       

ចែករំលែក៖

ភ្នំពេញ៖  លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ការអប់រំ គឺជាកូនសោសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ ព្រោះថា ឧត្តមភាពប្រកួតប្រជែងរបស់ប្រជាជាតិមួយ គឺអាស្រ័យទៅលើការកសាងធនធានមនុស្សប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មផងនិងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមនិងវប្បធម៌ តាមរយៈកម្មវិធីកំណែទម្រង់ស៊ីជម្រៅក្នុងបរិបទនៃទំនើបកម្ម ក្នុងវិស័យបច្ចេកវិទ្យា ដោយឈរលើមូលដ្ឋាននៃចំណេះដឹង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ឆ្ពោះទៅរកការកសាងសង្គមកម្ពុជាមួយសុខសន្តិភាពនិងសម្បូររុងរឿង។
នេះជាការលើកឡើងរបស់ លោក ហួត ហៃ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធីបិទសន្និបាតការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា២០២៥ -២០២៦ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
លោក ហួត ហៃ បានបញ្ជាក់ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នាំឱ្យ មានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេស វិស័យអប់រំដែលជាវិស័យអាទិភាពដ៏សំខាន់ ដោយហេតុថា វិស័យអប់រំគឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត ។
លោក ហួត ហៃ  បានបន្តថា៖ សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់និងជាឱកាសសម្រាប់ឱ្យមន្ត្រីអប់រំ និងអ្នកពាក់ព័ន្ធសំខាន់ៗនៅថ្នាក់មូលដ្ឋានសាលារៀនបានមកជួបជុំគ្នា ប្រមូលនូវបញ្ញាញាណដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈ ចំណេះដឹងនិងបទពិសោធន៍ ក្នុងគោលបំណងដោះស្រាយបញ្ហានិងរិះរកវិធានការបន្តសម្រាប់កំណត់ទិសដៅឱ្យបានត្រឹមត្រូវសម្រាប់អនុវត្តនៅក្នុងឆ្នាំសិក្សាបន្ត។
លោក ហួត ហៃ បានណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ទប់ស្កាត់ការប្រើប្រាស់ភេសជ្ជៈផ្អែម ភេសជ្ជប៉ូវកម្លាំងនៅតាមសាលា។ ចូលរួមចលនា យើងរួមគ្នាដើម្បីជាតិ ដែលផ្តួចផ្តើមគំនិតដោយលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដោយបំផុសសកម្មភាពដាំបន្លែ ដែលអាចឆាប់ប្រមូលផលបាននៅតាម សាលារៀន ផ្ទះសម្បែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីរួមចំណែកទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែននិងជន ភៀសសឹកដោយសារការឈ្លានពានពីប្រទេសថៃ។ បង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យសិស្សានុសិស្ស ជនភៀសសឹកគ្រប់កម្រិតដែលមករស់នៅរាជធានីភ្នំពេញ អាចចុះឈ្មោះចូលរៀនបាន។
លោក ហួត ហៃ ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ព្រមទាំងគ្រួសារដែលបានចូលរួមចំណែកជាថវិកាគ្រឿងឧបភោគបរិភោគ សម្ភារៈ ប្រើប្រាស់ ដើម្បីជួយដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែននិងជនភៀសសឹកក្នុងអំឡុងពេលសង្គ្រាមឈ្លានពានពីប្រទេសថៃមកលើខេត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្នុងឱកាសនោះ បានឱ្យដឹងថា៖រយៈពេលមួយថ្ងៃកន្លងទៅនេះ អង្គសន្និបាតបានដំណើរការពិភាក្សារួមគ្នាលើសេចក្តីព្រាងរបាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗ ចំនួន៦ ទៅតាមអនុវិស័យទាំង៦ គឺអនុវិស័យអប់រំកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យមសិក្សានិងអប់រំបច្ចេកទេស អនុវិស័យ អប់រំក្រៅប្រព័ន្ធ អនុវិស័យអប់រំកាយនិងកីឡា និងអនុវិស័យការអភិវឌ្ឍយុវជន ដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចសេសសល់ដែលយើងបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើកទូលាយជូនមន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្តល់យោបល់ និងសម្រេចជាវិធានការ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print