ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២៥ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។
សូមជម្រាបថា កិច្ចប្រជុំលើកទី២៥នេះ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៥គឺ៖ ទី១)កំណត់ហេតុកិច្ចប្រជុំគ.ជ.អ.ប.លើកទី២៤ ទី២)វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ២០២៥និងលើកទិសដៅឆ្នាំ២០២៦របស់គ.ជ.អ.ប. ទី៣)របាយការណ៍ការវាយតម្លៃពាក់កណ្តាលអាណត្តិនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២(២០២១-២០៣០) ទី៤)ផែនការអនុវត្តរយៈពេល៥ឆ្នាំដំណាក់កាលទី២(២០២៦-២០៣០) នៃកម្មវិធីជាតិដំណាក់កាលទី២ និង ទី៥)ផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៦របស់គ.ជ.អ.ប.។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី២(កជទី២)ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ បរិយាប័ន្ន សមធម៌សង្គម និងយុត្តិធម៌ ដែលការគ្រប់គ្រង និងការអនុវត្ត ស្ថិតក្រោមការដឹកនាំ និងសម្របសម្រួលរបស់គ.ជ.អ.ប.៕
ដោយ៖តារា










