ភ្នំពេញ÷រដ្ឋបាលខណ្ឌទួលគោកក្រោមការដឹកនាំរបស់លោកជា ពិសី មើលមិនឃើញទាល់តែសោះអំពីភាពអនាធិបតេយ្យនៃការលក់ដូរនៅជុំវិញមន្ទីរពេទ្យកុមារជាតិនិងមន្ទីរពេទ្យលោកសង្ឃ។ ក្រុមអ្នកលក់ដូរស្ទើរយកទ្រូងផ្លូវ ដើម្បីធ្វើឲ្យជីវកម្មយ៉ាងណាក៏ដោយក៏អាជ្ញាធរធ្វើហាក់ដូចជាមើលមិនឃើញ។ ការធ្វើមិនដឹងមិនឮរបស់អាជ្ញាធរនាំឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថាតិចលោ”បានលិឌ”ទេដឹង?
ប្រជាពលរដ្ឋសង្កេតឃើញថា បណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះ ចាប់ផ្ដើមបញ្ចេញកណ្ដាប់ដៃ ក្នុងការរៀប ចំសណ្តាប់ធ្នាប់ ជា ពិសេសការលក់ដូរអាណាធិបតេយ្យនៅលើដងផ្លូវ។ ដោយឡែក អាជ្ញាធរខណ្ឌទួលគោកនៅ តែព្រងើយ កន្តើយធ្វើមិនដឹង,មិនឮ ក្នុងផលប្រយោជន៍ណាមួយ ដែលបានមកអំពីភាពអនាធិបតេយ្យ នៃការបាត់បង់ស្ដាប់ធ្នាប់នៅលើដងផ្លូវនេះ។
ប្រសិនបើ មិនបានទទួលលាភសក្ការៈ អំពីបញ្ហានៅលើចិញ្ចើមផ្លូវនោះទេ ម៉្លេះសាលាខណ្ឌ បញ្ចេញកម្លាំងទៅបោសសំអាតទីតាំងទាំងនេះហើយ។ ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវជាប់របងខាងត្បូងមន្ទីរពេទ្យព្រះកុសមៈឬពេទ្យលោកសង្ឃ ក៏ដូចនៅជុំវិញមន្ទីរពេទ្យកុមារជាតិ គេមិនឃើញអាជ្ញាធរខណ្ឌទួលគោកចុះទៅរៀបចំសណ្តាប់ធ្នាប់នោះឡើយ បើទោះបីជា អ្នកលក់ដូរបានដាក់តាំងទំនិញស្ទើរដល់ពាក់កណ្ដាលទ្រូងផ្លូវហើយក៏ដោយ។
ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ធ្វើឲ្យប្រជាពលរដ្ឋទូទៅមានមន្ទិលសង្ស័យថា ទំនងជាបានសើមមាត់ ចំពោះភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធ្នាប់នៅលើដងផ្លូវនោះហើយ។ ជាមួយគ្នានោះក៏មានលេចលឺ,មាត់ចាប មាត់ព្រាប ខ្សឹបខ្សៀវថា បើមិនបង់លុយឲ្យទេ ពិតជាមិនអាចលក់ដូរអាណាធិបតេយ្យ ហៀរហូរលើចិញ្ចើមផ្លូវដោយសេរីយ៉ាងនេះបានឡើយ។ គេខ្សឹបទៀតថា គឺមានលោកអភិបាលរងខណ្ឌម្នាក់ ជាអ្នកទទួលខុសត្រូវក្នុងរឿងភាពអនាធិបតេយ្យនេះ។
ប្រជាពលរដ្ឋស្ទើរតែទាំងអស់ ដែលមើលឃើញទិដ្ឋភាពនៃភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់និយាយថា អាជ្ញាធរខណ្ឌទួលគោកមើលងាយទឹកចិត្តប្រជាពលរដ្ឋខ្លាំងណាស់៕










