ខេត្តកណ្ដាល÷ក្រុមយុវជនសិស្សសាលាដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូ និងធាក់ប្លន់អ្នកធ្វើដំណើរយ៉ាងសកម្មនៅលើផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានសម្រេច។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៦ មករា ២០២៦ នៅចំណុចលើផ្លូវ ២១ ភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន៖ ទី១ ឈ្មោះ វិត រ៉ាវុទ្ធ ភេទ ប្រុស អាយុ ១៧ឆ្នាំមុខរបរសិស្ស រស់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២ ឈ្មោះ នឹម ហុងឡេង ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកបាកានខេត្តពោធិ៍សាត់។
លោកអធិការបានបញ្ជាក់ថា ក្រោយការសាកសួរ ជន សង្ស័យបានសារភាពថា ក្រុមពួកខ្លួនពិតជាតែងតែជិះម៉ូតូបង្ហោះនៅលើផ្លូវក្រវាត់ក្រុងទី៣ និងធ្វើសកម្មភាពកាត់សាញធាក់ប្លន់យកម៉ូតូអ្នកដទៃពិតប្រាកដមែន។ ក្រោយប្លន់បាន ពួកគេបានយកម៉ូតូទៅលក់នៅកន្លែងមួយមិនស្គាល់ទីតាំង បានប្រាក់ចំនួន ៦០០ដុល្លារ យកមកចែកគ្នាចាយ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកបក្សពួកដែលកំពុងរត់គេចខ្លួន ដើម្បីយកមកអនុវត្តតាមច្បាប់។
បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕










