ខេត្តកណ្ដាល ៖ បុរសម្នាក់ ធ្លាប់ជាប់ពន្ធធនាគារម្តងហើយ ពីបទលួចដែកអ្នកភូមិ ប៉ុន្តែនៅពេលចេញមក វិញ មិនរាងចាល បែរជាទៅលួចបេះផ្លែដូងក្នុងចម្ការអ្នកភូមិ ចំនួន០៧ផ្លែ ត្រូវម្ចាស់ចម្ការតាមទាន់ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។
ម្ចាស់ចម្ការបានឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២២ និង១០នាទី នៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យមានឈ្មោះ រ៉ា វាសនា ភេទ ប្រុសអាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ធ្លាប់ជាប់ពន្ឋនាគាខេត្តកណ្តាល ចំនួន០១លើក ពីបទលួច(ដែក) និងមានសារធាតុញៀនក្នុងខ្លួន ។
យោងតាមប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជន សង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែលួចផលដំណាំ និងរបស់របរប្រជាពលរដ្ឋនៅក្នុងភូមិ ត្រពាំងឈូក ឃុំព្រែកគយ ជាញឹកញាប់ ។
ប្រភពពីម្ចាស់ចម្ការ ឈ្មោះ និស័យ បានប្រាប់ឱ្យដឹងដែរថា នៅវេលាម៉ោង២២ និង១០នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ រូបគាត់ កំពុងតែអង្គុយលេងនៅខាងក្រៅផ្ទះរបស់ខ្លួន ជាមួយបងប្អូន ខណៈពេលនោះ ក៏បានឃើញជនសង្ស័យខាងលើ កំពុងលីបាវ ចេញពីក្នុងចម្ការដូងរបស់ខ្លួន។ ឃើញដូច្នោះរូបគាត់ ក៏បានឃាត់ខ្លួនជន សង្ស័យសួរនាំ និងបានឆែកឆេរនៅក្នុងបាវ រកឃើញផ្លែដូងចំនួន៧ផ្លែ ក៏បានទូរសព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយ ឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ នាំយកមកប៉ុស្តិ៍ ដើម្បីសាកសួរតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕










