ព្យុះព្រិលនៅសហរដ្ឋអាមេរិក​ ធ្វើឱ្យតម្លៃប្រេងអន្តរជាតិហក់ឡើង ៣% ម្សិលមិញនេះ!

ចែករំលែក៖

អាមេរិក​​៖​ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាននិយាយថា​ តម្លៃប្រេងអន្តរជាតិ​បានកើនឡើងជាង ៣% ពេលបិទការជួញដូរនៅថ្ងៃអង្គារ បន្ទាប់ពីព្យុះព្រិលដ៏អាក្រក់បាន​បង្កការរំខានដល់ផលិតកម្មប្រេង ហើយបង្អាក់ទាំងស្រុងនូវការនាំចេញប្រេងពីទីផលិតកម្មនៅតំបន់ឈូងសមុទ្រម៉ិកស៊ិកកាលពីចុងសប្ដាហ៍កន្លងទៅ។

ទីភ្នាក់ងាររ៉យទ័រ​ បាននិយាយបន្ថែមថា​ តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បាន​កើនឡើង ១,៩៨ ដុល្លារ ឬ ៣,០២% ពេលបិទការជួញដូរ ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បាន​កើនឡើង ១,៧៦ ដុល្លារ ឬ ២,៩% ដល់ ៦២,៣៩ ដុល្លារ/បារ៉ែល។

តម្លៃប្រេងទាំង២ បាន​បន្តកើនឡើងក្នុងអត្រាតិចតួចទៀត សម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ី នាព្រឹកថ្ងៃពុធ (២៨ មករា) នេះ ចំពេលដែលវិនិយោគិនបន្តវិភាគមើលពីស្ថានការណ៍ ដែលរួមបញ្ចូលទាំងក្ដីបារម្ភពី​ការរំខានផ្នែកផ្គត់ផ្គង់ ក្រោយកាហ្សាក់ស្ថានផ្អាកផលិតកម្មប្រេងនៅវាលប្រេងចំនួន២ធំៗ និងភាពតានតឹងនៅមជ្ឈិមបូព៌ា។
កន្លងមក តម្លៃប្រេងត្រូវបានជួញដូរក្នុងរង្វង់លើ ឬក្រោម ៦០ ដុល្លារ/បារ៉ែល បន្តិចបន្តួច ដោយសារតែភាពតានតឹងពាណិជ្ជកម្ម សុទិដ្ឋិនិយមពីដំណោះស្រាយសន្តិភាពអ៊ុយក្រែន-រុស្ស៊ី និងកំណើនការផ្គត់ផ្គង់សកលដែល​លើសតម្រូវការជាដើម​។

យ៉ាងណាមិញ ការហក់ឡើងជាង ៣% កាលពីថ្ងៃអង្គារ កើតឡើងក្រោយ​​អ្នកវិភាគ និងអ្នកជួញដូរ បានប៉ាន់ប្រមាណថា ផលិតកម្មប្រេងអាមេរិក បាន​ធ្លាក់ចុះ ២ លានបារ៉ែល/ថ្ងៃ ឬប្រហែល ១៥% នៃផលិតកម្មជាតិ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយសារតែព្យុះព្រិលនៃរដូវរងាដ៏អាក្រក់ ដែលបក់បោកទូទាំងប្រទេស ហើយ​បង្កើតជាបញ្ហាប្រឈមសម្រាប់​ហេដ្ឋារចនាសម្ព័ន្ធថាមពល និងបណ្តាញអគ្គិសនី​។

ការនាំចេញប្រេងឆៅ និងឧស្ម័នធម្មជាតិពង្រាវ ពីតំបន់ឆ្នេរជាប់ឈូងសមុទ្រម៉ិកស៊ិក ត្រូវបានកាត់ផ្ដាច់ទាំងស្រុងកាលពីថ្ងៃអាទិត្យដោយសារតែបញ្ហាធាតុអាកាសដដែល។

...

អ្នកជំនាញលើកឡើងថា ព្យុះព្រិលនៅអាមេរិក ការផ្អាកផលិតកម្មនៅកាហ្សាក់ស្ថាន និងភាពតានតឹងនៅមជ្ឈិមបូព៌ា ធ្វើឱ្យ​ក្ដីបារម្ភផ្នែកផ្គត់ផ្គង់កើនឡើង ដែលជាហេតុធ្វើឱ្យប្រេងឡើងថ្លៃទៅតាមនោះដែរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print