កីឡាករ Raheem Sterling បានចាកចេញពីក្លិបតោខៀវ Chelsea ដោយការយល់ព្រមរួមគ្នា បន្ទាប់ពីភាគីទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់កុងត្រារបស់គាត់មុនកាលកំណត់។
ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះ នៅសល់កុងត្រា ១៨ ខែទៀត ជាមួយប្រាក់ឈ្នួលប្រហែល ៣២៥,០០០ ផោនក្នុងមួយសប្តាហ៍។
Sterling ចាកចេញពី Stamford Bridge បន្ទាប់ពីលេងអស់រយៈពេល ៣ ឆ្នាំកន្លះ ក្រោយពីផ្ទេរមកពី Manchester City ក្នុងតម្លៃ ៤៧.៥ លានផោន នៅឆ្នាំ ២០២២។
Sterling នឹងទទួលបានប្រាក់សំណងពី Chelsea ខណៈក្លិបក៏អាចសន្សំប្រាក់បានដែរ ព្រោះការសងប្រាក់នេះ មានតម្លៃតិចជាង ២០ លានផោន ដែលគាត់គួរតែទទួលបាន ប្រសិនបើនៅបន្តដល់ចប់កុងត្រា ១ ឆ្នាំកន្លះទៀត។
ក្លឹបជាច្រើន រួមមាន Juventus និង Bayer Leverkusen បានពិភាក្សាអំពីការទិញយក Sterling។
គេយល់ថា Sterling ដែលធ្លាប់ចាប់ផ្តើមអាជីពនៅ Liverpool និងឈ្នះពានសរុប ១៣ ដង មានបំណងចង់បន្តរស់នៅទីក្រុងឡុងដ៍ ប៉ុន្តែគាត់ក៏បើកចំហក្នុងការលេងគ្រប់ទីកន្លែង ទាំងក្នុងស្រុក និងក្រៅប្រទេស។
ហេតុអ្វីការផ្ទេរទៅ Chelsea ក្លាយជាបញ្ហារបស់គាត់?
Sterling បានចុះកុងត្រា ៥ ឆ្នាំ ជាមួយប្រាក់ឈ្នួល ៣២៥,០០០ ផោនក្នុងមួយសប្តាហ៍ នៅឆ្នាំ ២០២២ និងបានផ្លាស់ទីលំនៅគ្រួសារវ័យក្មេងរបស់គាត់មកជាមួយ។
ការផ្ទេរតម្លៃ ៤៧.៥ លានផោន គឺជាសញ្ញាបង្ហាញពីមហិច្ឆតារបស់លោក Todd Boehly និង Clearlake Capital នៅពេលនោះ ប៉ុន្តែអ្នកសម្រេចចិត្តលើកិច្ចព្រមព្រៀងនេះ មិននៅកាន់អំណាចនៅក្លឹបទៀតឡើយ។
លោកThomas Tuchel ជាគ្រូបង្វឹកដែលទទួលខុសត្រូវពេល Sterling មកដល់ បន្ទាប់មកមានការប្រែប្រួលជាបន្តបន្ទាប់ ដោយមាន Graham Potter, Frank Lampard និង Mauricio Pochettino ក្នុងរយៈពេលពីររដូវកាលដំបូង។
ក្នុងអំឡុងពេលនោះ Sterling លេង ៨១ ប្រកួត និងស៊ុតបាន ១៩ គ្រាប់ ខណៈ Chelsea បញ្ចប់លីគនៅលេខ ១២ និងបន្ទាប់មកលេខ ៦។
ទោះយ៉ាងណា ពេលលោក Enzo Maresca មកដឹកនាំ Chelsea បានសម្រេចថា Sterling មិនស្ថិតក្នុងផែនការក្រុមទៀតឡើយ។ គាត់មិនបានលេងឲ្យក្លិបទៀត ហើយបានចំណាយមួយរដូវកាលមុន ក្នុងការលេងជាបណ្ដោះអាសន្នឲ្យ Arsenal ដែលមិនសូវជោគជ័យឡើយ៕










