Apple ព្យាករណ៍កំណើនការលក់ខ្លាំង ខណៈតម្រូវការ iPhone នៅអាស៊ីកើនឡើងវិញ

ចែករំលែក៖

ក្រុមហ៊ុន Apple នៅថ្ងៃព្រហស្បតិ៍ បានព្យាករណ៍ថា កំណើនប្រាក់ចំណូលសម្រាប់ត្រីមាសខែមីនា អាចឈានដល់ 16% ដែលលើសការរំពឹងទុករបស់ទីផ្សារ ដោយសារតម្រូវការខ្លាំងចំពោះ iPhone និងការកើនឡើងវិញយ៉ាងឆាប់រហ័សនៅ ចិន ព្រមទាំងតម្រូវការកំពុងកើនលឿននៅ ឥណ្ឌា។

នាយកប្រតិបត្តិ លោក Tim Cook បានប្រាប់សារព័ត៌មាន Reuters ថា តម្រូវការសម្រាប់ទូរស័ព្ទជំនាន់ថ្មីៗ គឺ “គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់”។

ផលិតផល iPhone 17 បានជួយជំរុញការលក់នៅទីផ្សារសំខាន់ៗ ក្នុងត្រីមាសហិរញ្ញវត្ថុទី១ របស់ក្រុមហ៊ុន (បញ្ចប់ថ្ងៃទី 27 ធ្នូ) និងបន្ថយការព្រួយបារម្ភរបស់វិនិយោគិនអំពីការឈានដល់កម្រិតអតិបរមានៃការលក់ផ្នែក hardware។

ភាគហ៊ុន Apple បានកើនឡើង 3.5% ក្នុងការជួញដូរបន្ទាប់ម៉ោង បន្ទាប់ពីប្រកាសលទ្ធផល ប៉ុន្តែបន្ទាប់មកបានបន្ថយកំណើនមកនៅត្រឹម 0.8%។

Apple រំពឹងថា ប្រាក់ចំណូលសម្រាប់ត្រីមាសហិរញ្ញវត្ថុទី២ នឹងកើនឡើងចន្លោះ 13% ទៅ 16% បើប្រៀបធៀបនឹងការរំពឹងទុករបស់អ្នកវិភាគត្រឹម 10% (យោងតាម LSEG)។ ក្រុមហ៊ុនក៏បានព្យាករណ៍ថា ចំណាយប្រតិបត្តិការ នឹងស្ថិតនៅចន្លោះ 18.4 ពាន់លានដុល្លារ ដល់ 18.7 ពាន់លានដុល្លារ ខ្ពស់ជាងត្រីមាសទី១ បន្តិច។

 

តម្រូវការនៅចិន និងឥណ្ឌា ខ្លាំង

 

Apple បានរាយការណ៍ប្រាក់ចំណូលត្រីមាស 143.8 ពាន់លានដុល្លារ កើនឡើង 16% បើប្រៀបធៀបនឹងឆ្នាំមុន និងលើសការប៉ាន់ស្មានមធ្យមរបស់អ្នកវិភាគ (138.48 ពាន់លានដុល្លារ)។ Cook បាននិយាយថា បច្ចុប្បន្ន Apple មាន ឧបករណ៍ប្រើប្រាស់សកម្មចំនួន 2.5 ពាន់លានគ្រឿង នៅទូទាំងពិភពលោក។

ប្រាក់ចំណេញក្នុងមួយភាគហ៊ុន (Earnings per share) របស់ Apple បានឈានដល់ 2.84 ដុល្លារ ដែលលើសការព្យាករណ៍មធ្យមទីផ្សារ (consensus) ចំនួន 2.67 ដុល្លារ យ៉ាងច្បាស់។

ដើមខែនេះ Apple បានប្រកាសអំពី ភាពជាដៃគូជាមួយ Google របស់ Alphabet ដើម្បីប្រើប្រាស់ម៉ូឌែល Gemini សម្រាប់ធ្វើឱ្យ Siri កាន់តែឆ្លាតវៃ។ បន្ថែមពីនេះ នៅថ្ងៃព្រហស្បតិ៍ Apple ក៏បាន ទិញក្រុមហ៊ុន Q.ai ដែលជាក្រុមហ៊ុន AI ទើបបង្កើតថ្មីផ្តោតលើការវិភាគសំឡេង អារម្មណ៍ ឬអត្រាបេះដូង តាមរយៈចលនាមុខតូចៗ ដោយតម្លៃ 1.6 ពាន់លានដុល្លារ ដែលជាមួយក្នុងចំណោមការទិញធំបំផុតរបស់ Apple មកទល់ពេលនេះ។

...

ការលក់នៅតំបន់ធំ ប្រទេសចិន (Greater China) បានកើនឡើង 38% បើប្រៀបធៀបនឹងឆ្នាំមុន ទៅដល់ 25.53 ពាន់លានដុល្លារ លើសការប៉ាន់ស្មានរបស់ Visible Alpha ដែលមានត្រឹម 21.32 ពាន់លានដុល្លារ។ ទោះបី Apple បានប្រឈមសម្ពាធពីគូប្រកួតក្នុងស្រុក និងការត្រួតពិនិត្យផ្នែកច្បាប់នៅចិនក៏ដោយ លោក Tim Cook បាននិយាយថា iPhone ទទួលបាន កំណត់ត្រាលក់ថ្មី នៅទីនោះ ហើយ iPhone 17 បានជំរុញឱ្យមានកំណើនពីរខ្ទង់នៃអ្នកប្រើប្រាស់ ដែលប្តូរមកពីទូរស័ព្ទ Android៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print