ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ សូមជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបថា៖ កាល ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១១យប់ មានករណីបាក់ស្រុតច្រាំងទន្លេ នៅចំណុចភូមិ ទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលចំណុចបាក់ស្រុកនេះ បានបណ្តាលឲ្យមានការ ប៉ះពាល់បឋមដូចខាងក្រោម៖
-ផ្នែកខាងលើ បាក់ស្រុតសំណង់ច្រាំង និងសំណង់សួនទាំងស្រុង រួមនិងសំណង់ផ្លូវកៅស៊ូ មួយផ្នែកធំ ដែលមានបណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ។
-ផ្នែកខាងក្រោម បាក់ស្រុតសំណង់បេតុងទប់ច្រាំង បណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ចូលទឹកទន្លេទាំងស្រុង។
ជាការវាយតម្លៃបឋម មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេ ករណីខាងលើនេះ គឺបណ្តាល មកពី៖ ម្យ៉ាងទីតាំងនោះ ស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ និង ម្យ៉ាងទៀត សំណង់ច្រាំងទន្លេ ត្រូវបានសាងសង់តាំងពីឆ្នាំ២០១២ ដែលមកដល់ពេលនេះបានតស៊ូការពារ ការបាក់ស្រុតច្រាំងទន្លេងជាង ១៤ឆ្នាំហើយ។
ឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញជាវិធានការ ២ចំណុចភ្លាមៗ ដូចខាងក្រោម ៖
១.រដ្ឋបាលខេត្ត បានប្រើប្រាស់កម្លាំងសមត្ថកិច្ច ហាមឃាត់ការធ្វើចរាចរណ៍ និងធ្វើដំណើចេញចូល តំបន់បាក់ស្រុតច្រាំងទន្លេ ជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទៅ។ ជាមួយគ្នានោះ អ្នកប្រកបរបររកស៊ីក្នុងទីតាំង ឬជាប់នឹងទីតាំងកើតហេតុដែលប្រឈម ក៏ត្រូវបានណែនាំឲ្យធ្វើការផ្លាស់ប្តូរទៅ ទីតាំងមានសុវត្ថិភាពដូចគ្នា។
២.រដ្ឋបាលខេត្ត បានធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល និងស្នើសុំអន្តរាគមន៍ទៅគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្ត និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីស្នើសុំការចុះពិនិត្យ វាយតម្លៃលក្ខណៈ បច្ចេកទេស និងពិនិត្យលទ្ធភាពក្នុងការស្តារ និងសាងសង់សំណង់ច្រាំងទន្លេឡើងវិញ។ ជាក់ស្តែង នៅព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម សហការ ជាមួយនឹងរដ្ឋបាលខេត្ត បានចុះមកដល់ទីតាំងកើតហេតុរួចហើយ។
រដ្ឋបាលខេត្តកំពង់ចាម សូមស្នើដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ឬធ្វើដំណើរទៅក្នុង ឬ ជិតតំបន់កើតហេតុ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការជាមួយសមត្ថកិច្ចដែលកំពុងប្រចាំការ រៀបចំសណ្តាប់ធ្នាប់ក្នុងតំបន់នោះ ប្រកបដោយការយោគយល់។ អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖តារា










