ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកBAIC មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យបាក់មួយកង់ហើយរថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកបង្គោលកៅឡាក់បាក់ចំនួនពីដើមបន្ថែមទៀតចំណែករថយន្តបង្កខូចខាតមួយកំណត់មុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវព្រះមុនីវង្ស ក្បែរស្តុបស្ថានទូតវៀតណាម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគឺឃើញរថយន្តស៊េរីទំនើប BAIC ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2CG-1801បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួនមួយកង់ចំណែករថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកបង្គោលកៅឡាក់បាក់ចំនួនពីដើមបន្ថែមទៀតធ្វើឲ្យរថយន្តដាច់កង់ម្ខាងទៅមុខលែងរួចរងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សចំណែកអ្នកបើកបរជាជនជាតិចិនត្រូវសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកពិនិត្យនិងវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










