Waymo ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Alphabet បានប្រកាសថា ខ្លួនបានប្រមូលទុនបន្ថែមចំនួន ១៦ ពាន់លានដុល្លារ ក្នុងវគ្គផ្តល់ហិរញ្ញប្បទានចុងក្រោយបំផុត ដែលធ្វើឲ្យតម្លៃក្រុមហ៊ុនកើនដល់ ១២៦ ពាន់លានដុល្លារ ស្ទើរតែកើនឡើងបីដង ក្នុងរយៈពេលមិនដល់ពីរឆ្នាំផង។
ក្នុងនាមជាកម្មវិធីមួយដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុនយានយន្តបើកបរដោយស្វ័យប្រវត្តិឈានមុខ កំពុងវិនិយោគយ៉ាងខ្លាំង ដើម្បីធ្វើឲ្យបច្ចេកវិទ្យានេះអាចប្រើប្រាស់ជាផ្លូវការ ដោយផ្តោតលើសុវត្ថិភាព និងការសហការជាមួយអាជ្ញាធរត្រួតពិនិត្យ ដើម្បីទទួលបានភាគរយច្រើនលើទីផ្សារ។
Waymo ដែល Alphabet បានបំបែកចេញពីគម្រោងរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ Google ក្នុងឆ្នាំ ២០១៦ គឺជាក្រុមហ៊ុនតែមួយគត់នៅសហរដ្ឋអាមេរិក ដែលផ្តល់សេវាតាក់ស៊ីបង់ប្រាក់ដោយ គ្មានអ្នកបើកបរ( robotaxi) ឬអ្នកថែទាំនៅក្នុងរថយន្តឡើយ។
ក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ខ្លួនបានបង្កើនចំនួនជិះដល់ ១៥ លានដង កើនឡើងបីដង និងផ្តល់សេវាជាង ៤០០,០០០ ដងក្នុងមួយសប្តាហ៍ នៅទីក្រុងធំៗចំនួនប្រាំមួយក្នុងសហរដ្ឋអាមេរិក។
ទោះបី Waymo នៅតែជាអ្នកនាំមុខគេលើទីផ្សារនៅសហរដ្ឋអាមេរិកក៏ដោយ ការប្រកួតប្រជែងកំពុងកើនឡើង ដោយក្រុមហ៊ុន Tesla របស់លោក Elon Musk បានដាក់ robotaxi ជាគោលដៅស្នូលរបស់ខ្លួន ហើយបង្វែរផ្តោតចេញពីយានយន្តអគ្គិសនី។
អង្គភាពយានយន្តបើកបរដោយស្វ័យប្រវត្តិ Zoox របស់ Amazon ក៏បានផ្តល់សេវា robotaxi ឥតគិតថ្លៃ ដល់សាធារណជន នៅតំបន់ជុំវិញ Las Vegas Strip និងតំបន់មួយចំនួននៃទីក្រុង San Francisco ផងដែរ។
ទោះជាយ៉ាងណា ការព្រួយបារម្ភអំពីសុវត្ថិភាពនៅតែមាន ខណៈអាជ្ញាធរជាតិសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿនរបស់សហរដ្ឋអាមេរិក (NHTSA) បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងបើកការស៊ើបអង្កេត បន្ទាប់ពីរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ Waymo មួយគ្រឿង បានបុកកុមារម្នាក់នៅជិតសាលាបឋមសិក្សា ក្នុងរដ្ឋ California៕










