ខេត្តឧត្ដរមានជ័យ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទូទៅ មេត្តាជ្រាបអំពីការតវ៉ាយ៉ាងដាច់ អហង្ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ក្រសួងវប្បធម៌ នៃព្រះរាជាណា ចក្រថៃ ពាក់ព័ន្ធនឹងសកម្មភាពនានាដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់សារជាថ្មីឡើងវិញថា ទីតាំងប្រាសាទទាំងពីរ ស្ថិតនៅក្នុង ដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងនៅតែមាន សុពលភាពស្របតាមច្បាប់អន្តរជាតិ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍នៃការខូចខាត ធ្ងន់ធ្ងរ និងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៃប្រាសាទតាក្របីដែលជាទីកន្លែងសក្ការៈ និងជាបេតិកភណ្ឌប្រវត្តិសាស្ត្រ ដ៏សំខាន់ដែលត្រូវបានថែរក្សាអស់រយៈពេលរាប់សតវត្សរ៍ មានតម្លៃវប្បធម៌ និងជាដួងព្រលឹងរបស់ប្រជាជនខ្មែរ។
កម្ពុជា មិនអាចទទួលយកបាននូវ៖
> ការប្រើប្រាស់កម្លាំងណាមួយប្រឆាំងទៅលើតំបន់វប្បធម៌ និងបុរាណវិទ្យា
> សកម្មភាពស្តារឡើងវិញ អភិរក្ស ចុះបញ្ជី ឬសាងសង់ណាមួយ ដែលអនុវត្តដោយឯកតោភាគី ដោយគ្មានការយល់ព្រមពីភាគីកម្ពុជា ឬ
> សកម្មភាពណាមួយដែលប៉ះពាល់ ឬបំផ្លាញស្ថានភាពផ្លូវច្បាប់ ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ ទាំងនេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតំបន់ ប្រាសាទតាមាន់ និងប្រាសាទតាក្របីដោយគោរពអធិបតេយ្យភាពរបស់កម្ពុជា និងដោះស្រាយបញ្ហាពាក់ព័ន្ធទាំងអស់ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការប្តេជ្ញាចិត្តក្នុងការការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ភាពស្របច្បាប់និងគោលការណ៍ដែលត្រូវបាន គាំទ្រដោយអង្គការអន្តរជាតិ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖តារា










