ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចែកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនជនភៀសសឹកចំនួនជាង ៧០០គ្រួសារ នៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៧៧៤គ្រួសារ នៅមណ្ឌលសុវត្ថិភាព ក្នុងឃុំកំពង់ស្រឡៅ១ ស្រុកឆែក ខេត្តព្រះវិហារ។

ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែខ្វល់ខ្វាយ និងតាមដានជាប់ជាប្រចាំអំពីសុខទុក្ខជនភៀសសឹកតាមមណ្ឌលសុវត្ថិភាពទាំងអស់។

លោកទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តតាមដាន និងណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលអាចបន្តជម្លៀសមកពីព្រំដែនគ្រប់ពេលវេលា។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងពេលដែលវីរកងទ័ពបានលះបង់ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបតាមមណ្ឌលសុវត្ថិភាព ជាអាទិភាពខ្ពស់បំផុត។

លោកទេសរដ្ឋមន្រ្តី បានរម្លឹកដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ត្រូវរក្សាការត្រៀមលក្ខណៈជានិច្ច ក្នុងការទទួលនិងផ្តត់ផ្គង់ដល់ពលរដ្ឋដែលអាចនឹងបន្តជម្លៀសចេញពីតំបន់ព្រំដែនបន្ថែមទៀត ព្រមទាំងត្រូវតាមដានជាប់ជាប្រចាំពីការផ្គត់ផ្គង់ស្បៀង សម្ភារៈប្រើប្រាស់ ទឹកស្អាត ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការ សម្រាប់ជួយថែទាំសុខភាពជូនជនភៀសសឹក ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ និងធានាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលសុវត្ថិភាពឱ្យបានល្អប្រសើរ។

...

អំណោយប្រគល់ជូនប្រជាពលរដ្ឋភៀសឹកក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម, មី មួយកេសធំ, ត្រីខ មួយកេសធំ និងថវិកាចំនួន ១,០០០.០០០រៀល៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print