ខេត្តឧត្តរមានជ័យ÷ នៅថ្ងៃពុធ២ រោចខែមាឃ ឆ្នាំម្សាញ់ សប្តសក័ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង៩:៣០នាទីប្រជាពលរដ្ឋម្នាក់ឈ្មោះ កុសល រីហ្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំ -ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យមកដាក់ពាក្យប្ដឹងពីបទចោរចូលលួចកាច់ក យកម៉ូតូ១គ្រឿងនៅវេលាម៉ោង០៧:០០ នាទី នៅក្នុងផ្ទះភូមិត្រពាំងប្រាសាទ ឃុំ -ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បណ្ដាលឲ្យបាត់បង់ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ
កាំបន្ទះពណ៌ស សេរីឆ្នាំ២០១៦ ដំឡើងតែមឆ្នាំ២០២១ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1G-9422 ។
ក្រោយទទួលបណ្ដឹងលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ចាត់លោកវរសេនីយ៍ត្រីថាន់ ម៉ៅ អធិការរងទទួលផែននគរបាលយុត្តិធម៌ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិត្រពាំងប្រាសាទ ធ្វេីការល្បាត ស្រាវជ្រាវតាមជំនាញរួម ត្រួតពិនិត្យការងារដ្ឋបាលតាមមូលដ្ឋាន ដល់ចំណុចទីតាំង១កន្លែងស្ថិតនៅភូមិត្រពាំងប្រាសាទបានប្រទះឃើញជនសង្ស័យ១នាក់កំពុងជិះម៉ូតូតាមផ្លូវដែលជាជនសង្ស័យខាងលើបានផ្ដួលម៉ូតូរួចរត់គេចខ្លួនចូលព្រៃបាត់។
ក្រោយត្រួតពិនិត្យទើបដឹងថា ម៉ូតូដែលជនសង្ស័យផ្ដួលរួចរត់គេច ម៉ូតូម៉ាកហុងដាឌ្រីម គ្មានអាវ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1G-9422 ជាម៉ូតូដែលជាប់ពាក់ព័ន្ធករណីកាច់សោម៉ូតូកាលពីព្រឹកថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២៦ នោះពិតប្រាកដមែន និងបានកំណត់អត្តសញ្ញាណជន សង្ស័យកំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីស្វែងរកចាប់ខ្លួនមកផ្ដន្ទាទោស។
ក្រោយធ្វើការផ្ទៀងផ្ទាត់បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ម៉ូតូខាងលើជូនជនរងគ្រោះជាម្ចាស់វិញរួចរាល់៕










