ខេត្តកណ្តាល ÷ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន២លើក ចេញមកវិញមិនកែប្រែ បែរជាគំរាមថានឹងសម្លាប់, កាប់បំផ្លាញម៉ូតូក្មួយប្រុស ខឹងព្រោះក្មួយហ៊ានចូលទៅឃាត់លោកមា (ពូ)កំពុងទាស់គ្នាជាមួយសង្សារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹង
របស់ក្មួយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៣ ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៦ នៅចំណុចរោងម៉ាស៊ីនបូមទឹកខ្នងទួល ស្ថិតនៅក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មន គឹមលាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ត្រូវជាក្មួយ) ចំណែកជនសង្ស័យមានឈ្មោះ មន គង្គា (ត្រូវជាមា ) អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ វិជ្ជមាននូវសារធាតុញៀន (+) និងមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារចំនួន០២លើកករណីរក្សាទុកប្រើប្រាស់និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។ អ្នកទាំងពីរមានទីលំនៅជាមួយគ្នាក្នុងភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាប់យករួមមាន៖ កាំបិតដងដែកប្រវែងជិតកន្លះម៉ែត្រ ( ០,៤៧ មែត្រ) , ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1- JP-8249 ជារបស់ជនរងគ្រោះបានរងការខូចខាត ។
សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ។ នៅវេលាកើតហេតុជនសង្ស័យ(លោកមា)បានឈ្លោះប្រកែកគ្នាជាមួយសង្សាររហូតប្រើអំពើហិង្សា ខណ:ពេលនោះ ជនរងគ្រោះ(ជាក្មួយ) បានចូលទៅឃាត់ ជនសង្ស័យកុំឲ្យឈ្លោះគ្នាជាមួយសង្សារ ស្រាប់តែជនសង្ស័យខឹងនឹងជនរងគ្រោះ រួចក៏បានស្ទុះទៅធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យដួលថែមទាំងបានជាន់និងចាប់កាច់បំបាក់ស្លាកលេខម៉ូតូចោល។ បន្ទាប់មកជនសង្ស័យក៏បានកាន់កាំបិតមកកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតយ៉ាងដំណំ រួចបានស្រែកគំរាមកំហែងថានឹងកាប់សម្លាប់ជនរងគ្រោះចោលថែមទៀត ហើយជនសង្ស័យក៏បោះកាំបិតចោលទៅក្នុងដីស្រែបាត់ទៅ។ ដោយមានការភ័យខ្លាច ជនរងគ្រោះជាក្មួយក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវឱ្យជួយអន្តរាគមន៍ឃាត់ជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំ រឿងតាមនីតិវិធី៕










