សារព័ត៌មាន AFP បានផ្សាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃពុធ ទី៤ ខែកុម្ភៈ បានជំរុញឱ្យសហរដ្ឋអាមេរិក និងរុស្ស៉ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជាបន្ទាន់ ខណៈសន្ធិសញ្ញានុយក្លេអ៊ែរដែលមានស្រាប់នឹងត្រូវអស់សុពលភាព នៅក្នុងពេលវេលាដ៏គ្រោះថ្នាក់មួយសម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ។
សន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ ហៅកាត់ថា New START នឹងត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈដែលនេះនឹងបើកផ្លូវឱ្យសហរដ្ឋអាមេរិក និងរុស្ស៉ីពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយ លែងមានការរឹតត្បិតតទៅទៀត។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Guterres បានគូសបញ្ជាក់ដូច្នេះថា «ជាលើកដំបូងនៅក្នុងពេលជាងកន្លះសតវត្សរ៍ យើងកំពុងប្រឈមមុខនឹងពិភពលោកមួយដែលមិនមាន ការរឹតត្បិតដាក់កំហិតណាមួយលើឃ្លាំងអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់សហព័ន្ធរុស្ស៉ី និងសហរដ្ឋអាមេរិក»។
តាមលោកប្រមុខ UN សន្ធិសញ្ញា New START និងសន្ធិសញ្ញាគ្រប់គ្រងអាវុធដទៃទៀតបានចូលរួម ចំណែកយ៉ាងធំក្នុងការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសម្រាប់ប្រជាជនពិភពលោក។ លោក Guterres ក៏បានអំពាវនាវឱ្យផងដែរឱ្យសហរដ្ឋអាមេរិក និងរុស្ស៉ីត្រឡប់ទៅរកតុចរចាឡើងវិញដោយមិនត្រូវពន្យារពេល និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយឱ្យបានឆាប់។
សន្ធិសញ្ញា New START ត្រូវបានចុះហត្ថលេខាជាលើកដំបូងកាលពីឆ្នាំ២០១០ ជាមួយគោលដៅដាក់កំហិតលើសហរដ្ឋអាមេរិក និងរុស្ស៉ីដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ មិនឱ្យលើសពី១៥៥០គ្រាប់ឡើយ។ នៅក្រោមសន្ធិសញ្ញានេះភាគីទាំង២ អាចចុះធ្វើអធិការកិច្ចទៅកាន់ឃ្លាំងអាវុធនុយក្លេអ៊ែរគ្នាទៅវិញទៅមក។ ការចុះធ្វើអធិការកិច្ចនេះត្រូវបានផ្អាកអំឡុងកូវីដ១៩ ហើយក៏ត្រូវបាន ផ្អាកចាប់តាំងពីពេលនោះមកដែរ៕
រូបថត: vnexpress










