ភ្នំពេញ៖ ម៉ូតូម៉ាកហុងដាឌ្រីមស១២៥មួយគ្រឿងបើកឆ្លងផ្លូវជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាស្កូបពី បណ្ដាលឲ្យដួលខ្ទាតក្មេងសិស្សសាលាម្នាក់ចូលរថយន្តកុងតឺន័រកិនរងរបួសធ្ងន់ បន្ទាប់មកភាគីបង្កបានលើកម៉ូតូជិះរត់គេចបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ផល្លា បញ្ញាបុត្រ ភេទប្រុស អាយុ១៦ឆ្នាំ រងរបួស ជេីងខាងឆ្វេង និងរលាតដៃខាងស្ដាំ មានអាសយដ្ឋាននៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជិះបានម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JI-3800 ដោយមិត្តភក្ដិជាអ្នកកឌុប និងធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ស្របគ្នាជាមួយរថយន្តកុងតឺន័រ១គ្រឿង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ1M-6919 ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូងបុកពេញទំហឹង ។
ប្រភពដែលបានឲ្យដឹងបន្តថា ខណៈនោះ បណ្ដាលឲ្យដួលទាំងអស់គ្នា ហើយខ្ទាតក្មេងប្រុសសិស្សសាលាម្នាក់ចូលរថយន្តកុងតឺន័រកិនបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ បន្ទាប់មកភាគីបង្កដែលជិះម៉ូតូហុងដាឌ្រីមនោះអត់របួសក៏លើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។ ចំណែករថយន្តកុងតឺន័រនោះត្រូវបានប្រជាពលរដ្ឋឃាត់ទុក លុះក្រោយមកឪពុកម្ដាយក្មេងប្រុសរងគ្រោះខាងលើទៅដល់សួរនាំអ្នកនៅទីនោះដឹងថាកូនប្រុសគាត់ដួលខ្ទាតចូលរថយន្តខ្លួនឯង ទើបគាត់អនុញ្ញាតឲ្យរថយន្តកុងតឺន័រនោះបន្តដំណើរទៅមុខទៀតបាត់ទៅ ។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕
ដោយ៖សុខាសែនជ័យ










