ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើក ទិសដៅការងារ ឆ្នាំ២០២៦ រយៈពេល២ថ្ងៃ ប្រកបដោយជោគជ័យ។ ពិធីបើកសន្និបាត បានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី៤ ខែកុម្ភៈ ក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងពិធីបិទ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ សន្និបាតនេះ មានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលខុសត្រូវ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង នៃ ក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត នាយករដ្ឋបាលរាជធានី- ខេត្ត ប្រធានពន្ធនាគាររាជធានី-ខេត្ត និងតំណាងក្រសួង ស្ថាប័ននានា សរុបប្រមាណ ៨០០រូប។
អង្គសន្និបាតបានសម្តែងការដឹងគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងការដឹកនាំប្រកបដោយប្រតិភាណ និងអង់អាចឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារការពារ បូរណភាពទឹកដី ដោយប្រកាន់ជំហរដោះស្រាយជម្លោះព្រំដែនតាមគោលការណ៍សន្តិវិធី រហូតឈានដល់ការសម្រេច បាននូវបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាមួយនឹងការគាំពារអាយុជីវិត រក្សាបានលំនឹងសេដ្ឋកិច្ច និងស្ថិរភាព នយោបាយ ដោយបន្តបោះជំហានប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់លើមាគ៌ាសន្តិភាព។ អង្គសន្និបាតក៏បាន សម្តែងការគោរពដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ កៀកស្មាប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយ៉ាងអង់អាចក្លាហាន ព្រមទាំងមាននូវ ក្តីមោទន ចំពោះជនរួមជាតិ ដែលរួបរួមសាមគ្គីក្នុងស្មារតីព្រលឹងខ្មែរតែមួយយ៉ាងរឹងមាំ ក្នុងកាលៈទេសៈនេះ។
សន្និបាត បានប្រព្រឹត្តទៅយ៉ាងសកម្ម ដោយមានការស្តាប់របាយការណ៍សង្ខេប ស្តីពី លទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ របាយការណ៍បូកសរុបចលនាប្រឡងប្រណាំងការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការធ្វើបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធន៍ ចំនួន១១ប្រធានបទ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គ្រឿងញៀន ក្មេង ទំនើង សេវាច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណបណ្ណជូនពលរដ្ឋ ការគ្រប់គ្រងជនបរទេស ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន ការចុះបញ្ជីគម្រោងវិនិយោគមានទុនសមមូល៥លានដុល្លារចុះ តួនាទីស្ត្រីក្នុងមុខតំណែងរដ្ឋបាលថ្នាក់ក្រោមជាតិ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការរៀបចំផែនការប្រើប្រាស់ដីនៅថ្នាក់ក្រោមជាតិ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តអភិក្រមថ្មីដើម្បីលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានគោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថា អង្គសន្និបាតបានវាយតម្លៃប្រកបដោយមោទនភាព ចំពោះគ្រប់សមិទ្ធផល និង ស្នាដៃដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងនគរបាលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ សម្រេចបានក្នុងឆ្នាំ២០២៥ រួមមាន ការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការ ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការលើកកម្ពស់ការ គ្រប់គ្រងពន្ធនាគារ ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ការលើកកម្ពស់ការផ្តល់សេវាសាធារណៈក្នុងក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ និងការងារបច្ចេកវិទ្យាឌីជីថល។ ជាការកត់សម្គាល់ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បានថយចុះ ១៧ភាគរយ ធៀបឆ្នាំ២០២៤ ការបង្ក្រាបក៏ទទួលលទ្ធផល ៩៦% ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរ មនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និង ក្រុមក្មេងទំនើង ខណៈក្រសួងក៏កំពុងស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយចាប់ខ្លួនមេក្លោង និងបញ្ជូនជនបរទេសប្រព្រឹត្តបទល្មើសទៅប្រទេសកំណើតវិញ ដោយមានកិច្ចសហការ ជាមួយសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ទូទាំងប្រទេស ដែលបើទោះបីជាក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាបានប្រឈមឧបសគ្គស្មុគស្មាញជះឥទ្ធិពលមកពីកត្តាខាងក្រៅ ប៉ុន្តែបានអនុវត្តតួនាទីភារកិច្ចប្រកដោយ ទំនួលខុសត្រូវ រួមចំណែកសម្រេចកម្មវីធីនយោបាយរាជរដ្ឋាភិបាល ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ រាល់បទល្មើសប្រឈមក្នុងសង្គម រួមមាន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្សជាដើម ដោយ សម្តេចធិបតី បានគូសបញ្ជាក់ទៀតថា «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើ អាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។ ក្នុងន័យនេះ សម្តេច ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មនេះ និងបានព្រមានអនុវត្ត មរតក អភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្តេចមហាបវរធិបតី ក៏ផ្តល់ការណែនាំកិច្ចការអាទិភាពមួយចំនួនទៀតជូនអង្គសន្និបាត រួមមាន ការបន្ត គាំពារ និងផ្តល់ជំនួយគាំទ្រជូនពលរដ្ឋភៀសសឹក ដែលខូចខាតផ្ទះសំបែង ឬមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ រួមទាំងការផ្តល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បន្តខិតខំអភិវឌ្ឍន៍ធនធានមនុស្សនិងធ្វើទំនើបកម្មស្ថាប័ន តាមបរិបទឌីជីថល ពង្រឹងបន្ថែមទៀតគុណភាពសេវាសាធារណៈនិងគុណតម្លៃនៃច្រកចេញចូលតែមួយ បន្តអនុវត្តឱ្យ បានជោគជ័យតាមផែនការជាតិកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងត្រូវបន្តខិតខំជំរុញ និងគាំទ្រការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីរួមចំណែកធានាការអនុវត្តបានជោគជ័យ តាមទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ៕ដោយ៖តារា










