ភ្នំពេញ÷ មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយពន្លាតដែនដីរហូតដល់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ៥នាក់ និងដកហូតវត្ថុតាងថ្នាំញៀនជាង ៣០កញ្ចប់។ ប្រតិបត្តិការនេះបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១១និង៥៥នាទី នៅចំណុចភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖ ១.ឈ្មោះ រិន ណេត ភេទប្រុសអាយុ៣៦ឆ្នាំ, ២.ឈ្មោះ សំ សារ៉ាក់ ហៅសាក់ ភេទប្រុស អាយុ៣៥ឆ្នាំ, ៣.ឈ្មោះ សុខនី សុខណា ហៅស្លេក ភេទប្រុស អាយុ៣១ឆ្នាំ, ៤.ឈ្មោះ ផៃ មាស ភេទប្រុស អាយុ២២ឆ្នាំនិង ៥.ឈ្មោះ ស្រស់ សោភ័ណ្ឌ ហៅស្រួច ភេទប្រុស អាយុ៤៦ឆ្នាំ។ ក្នុងនោះឈ្មោះ ស្រស់ សោភ័ណ្ឌ គឺជាមេខ្លោង និងមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៨៩២ ចខ/ដ១ ចុះថ្ងៃទី២៦ សីហា ២០២៥ របស់សាលាដំបូងខេត្តកណ្តាល។
លោកអធិការបានបន្តថា នៅថ្ងៃកើតហេតុសមត្ថកិច្ចបានឃ្លាំមើលមុខសញ្ញានៅចំណុចមុខវត្តស្រែអំពិលក៏ប្រទះ ឃើញឈ្មោះ រិន ណេត ធ្វើដំណើរមកដល់ក៏ឃាត់ឆែកឆេររកឃើញថ្នាំញៀន២កញ្ចប់។ ក្រោយសាកសួរជន សង្ស័យបានសារភាពថា គេទិញពីឈ្មោះ ស្លេក និងឈ្មោះ សាក់។ ភ្លាមនោះសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនឈ្មោះ ស្លេក នៅឃុំកំពង់ស្វាយ ដកហូតថ្នាំញៀន ២១កញ្ចប់ និងបន្តទៅឃាត់ខ្លួនឈ្មោះ សាក់ នៅឃុំឈើទាល រួមទាំងសម្ភារវេចខ្ចប់មួយចំនួនទៀត។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីទទួលបានចម្លើយសារភាពពីឈ្មោះ ស្លេកថា ថ្នាំញៀនទាំងនេះទទួលពីឈ្មោះ ស្រួច ដោយមានឈ្មោះ ផៃ មាស ជាអ្នកយកមកឱ្យនោះ នៅថ្ងៃទី៥ កុម្ភៈ ២០២៦ កម្លាំងជំនាញបានសហការគ្នាពន្លាតដែនដីដល់រាជធានីភ្នំពេញ ដោយឃាត់ខ្លួនឈ្មោះ ផៃ មាស នៅតំបន់កោះនរា សង្កាត់និរោធ និងបន្តឃាត់ខ្លួនមេខ្លោងឈ្មោះ ស្រស់ សោភ័ណ្ឌ ហៅស្រួច នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយដកហូតបានថ្នាំញៀនបន្ថែម៧កញ្ចប់។
វត្ថុតាងសរុបដែលដកហូតបានក្នុងប្រតិបត្តិការនេះរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៣០កញ្ចប់ (ទម្ងន់ ៣៦,៤៤ក្រាម), ទូរស័ព្ទ៥គ្រឿង, ក្រដាសវេរលុយ និងសម្ភារវេចខ្ចប់មួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕










