ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងថា មុខសញ្ញាក្មេងទំនើង៥នាក់ នៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៦ត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាពប្រើ ប្រាស់គ្រឿងញៀននិងបង្កភាពអុកឡុកគ្រួសារនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ត្រីដដែលបាទឲ្យដឹងថា អនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យថ្ងៃសុក្រ ១៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០១និង៣០នាទីកំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតក្នុងភូមិសាស្រ្ត ស្រុកសាមគ្គីមុនីជ័យ និងឃាត់មុខសញ្ញាសង្ស័យបានចំនួន០៥នាក់ ៖
១. ឈ្មោះ ម៉ៅ វាសនា (ហៅភុង) ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិឆ្វេក ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ (មុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន)
២. ឈ្មោះ ហឿន វ័យ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិមាត់អូរ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ
៣ . ឈ្មោះ ម៉ុន ចាន់នី ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិឆ្វេក ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ
៤ . ឈ្មោះ បន ចាន់រឿន អាយុ ១៥ ឆ្នាំ ភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុកសាមគ្គីមានជ័យ
៥.ឈ្មោះ ផល សំណាង ភេទប្រុស អាយុ២២ឆ្នាំ រស់ នៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។
ជាក់ស្តែងកំលាំងមានសមត្ថកិច្ចបានឃាត់និងត្រួត ពិនិត្យឆែកឆេរ រកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន២ កញ្ចប់តូច,កាំបិតផ្គាក់២ ដើម, កូនកាំបិតស្រួច០១ដើម,ចបជីក ០១ ដើម,ទុលវីសចុងស្រួច ០១ ដើម.ដែកបំណែក ០១ ដុំ និង ឧបករណ៍កែឆ្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិវិធី៕










