អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បង្ហាញអំពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់ឲ្យមានការរើសអើង និងប្រឆាំងនឹងអ្នករាជការសារធារណៈមានស្ថានទម្ងន់ទោស លើបុរសជនជាតិចិនម្នាក់ និងស្ដ្រីខ្មែរម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ : អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់ឲ្យមានការរើសអើង និងប្រឆាំងនឹងអ្នករាជការសារធារណៈមានស្ថានទម្ងន់ទោស លើបុរសជនជាតិចិនម្នាក់ និងស្ដ្រីខ្មែរម្នាក់។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៤៣ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ទាក់ទិននឹងករណី ញុះញង់ឱ្យមានការរើសអើង និងប្រឆាំងនឹងអ្នករាជការ សារធារណៈមានស្ថានទម្ងន់ទោស មានជនត្រូវចោទ៖

១-ឈ្មោះ CHANG YANAN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ពីបទ ប្រឆាំងនឹងអ្នករាជការសារធារណៈ មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវ២៨មិថុនា(ផ្លូវដើមលម៉ី) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ឆ្លងចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា៥០៤ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។

២-ឈ្មោះ នេត ស្រីពៅ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ពីបទ ញុះញង់ឱ្យមានការរើសអើង និង ប្រឆាំងនឹងអ្នករាជការសារធារណៈមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវ២៨មិថុនា(ផ្លូវដើមលម៉ី) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ឆ្លងចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បទល្មើស ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤៩៦ និងមាត្រា៥០៤ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ សូមបញ្ជាក់ថា កាលពីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់គោលដៅ ចុះអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវ២៨មិថុនា (ផ្លូវដើមលម៉ី) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អំឡុងពេលត្រួតពិនិត្យ មានរថយន្ត១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BW-6130 បើកបរដោយបុរសជនជាតិចិន ឈ្មោះ CHANG YANAN សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង សមត្ថកិច្ចធ្វើការឃាត់ ដើម្បីត្រួតពិនិត្យជាតិអាល់កុល ជាលទ្ធផលឃើញ មានកម្រិតជាតិអាល់កុលក្នុងខ្លួន ចំនួន0,68mg/L(សូន្យក្បៀសហុកសិបប្រាំបី មីលីក្រាមក្នុងមួយលីត្រខ្យល់) ទើបសមត្ថកិច្ចឃាត់ឱ្យនៅហ្នឹងកន្លែងសិន រង់ចាំពេលស្វាងស្រវឹង ទើបឱ្យត្រឡប់ទៅកន្លែងស្នាក់នៅវិញ និង ត្រូវទទួលពិន័យអន្តរការណ៍ចំពោះការបើកបរយានយន្តស្ថិតក្នុងភាពស្រវឹងអត្រាជាតិអាល់កុលខ្ពស់ ចំនួន ២.០០០.០០០ (ពីរលានរៀល) និងដកពិន្ទុលើបណ្ណបើកបរ ចំនួន៦ពិន្ទុ។ ក្រោយមកបន្តិច ឆ្លងចូលថ្ងៃទី៣ ខែឆ្នាំដដែល ស្រាប់តែមានស្ត្រី ជនជាតិខ្មែរ ចំនួន២នាក់ បានទៅដល់គោលដៅខាងលើ ពេលនោះស្ត្រីម្នាក់

ឈ្មោះ នេត ស្រីពៅ បានថតវីដេអូរ ស្រែកឡូឡា និងជេរប្រមាថមកលើសមត្ថកិច្ច និងបង្ខំឲ្យសមត្ថកិច្ចទទួល យកប្រាក់ផាកពិន័យភ្លាមៗនៅនឹងកន្លែង និងឲ្យចេញវិក័យបត្រ ប៉ុន្តែសមត្ថកិច្ចមិនត្រូវទទួលយកឡើយ ដោយតម្រូវឲ្យសាមីខ្លួនទៅបង់ប្រាក់នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ បន្ទាប់មកទៀតស្ត្រី ឈ្មោះ នេត ស្រីពៅ ក៏បានយកឃ្លីបវីដេអូរ ដែលបានថតជេរប្រមាថមាក់ងាយទៅលើកម្លាំងសមត្ថកិច្ច នៅចំណុចគោលដៅត្រួតពិនិត្យខាងលើ បង្ហោះផ្សព្វផ្សាយពាសពេញប្រព័ន្ធទំនាក់ទំនងសង្គម ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីនគរបាលជាតិ។ បន្ទាប់ពីបានសួរយកចម្លើយ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើ ជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print