ខេត្តសៀមរាប÷ ប្រជាពលរដ្ឋភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមពិធីឡើងមាឃ(ឬឡើងអ្នកតា)ជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ។ ឆ្នាំ២០២៦នេះ បងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយរាប់ពាន់នាក់ កុះករ លើសពីបណ្តាឆ្នាំមុនៗ បានមកមើលពិធីនេះ និងបានចូលរួមកម្សាន្តសប្បាយយ៉ាងរីករាយ។
ពិធីចាប់ត្រីរួមគ្នា សម្រាប់ឆ្នាំ២០២៦ បានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យ ៦រោច ខែមាឃ ត្រូវនិងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឡើងនៅក្នុងត្រពាំងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេស ផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តង ក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។
លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ថ្លែងក្នុងពិធីចាប់ត្រីរួមគ្នានៅត្រពាំងបុរាណនាសហគមន៍ភូមិបង្កោងថា ប្រពៃណីទំនៀមទម្លាប់ពីបុរាណជាច្រើនបានបន្សល់ទុក ក្នុងនោះពិធីបុណ្យឡើងមាឃមានរយៈពេល ពេញ១ខែ បានរៀបចំឡើងនៅគ្រប់ភូមិទាំងអស់ របស់ស្រុកប្រាសាទបាគង ប៉ុន្តែការរៀបចំមានលក្ខណៈខុសៗគ្នា។ លោកបន្តថា ពិធីបុណ្យឡើងមាឃ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលពលរដ្ឋក្នុងសហគមន៍ត្រូវបន្តប្រតិបត្តិ ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីពីបុរាណ។ជាក់ស្តែង ពិធីចាប់ត្រីរួមគ្នា តែងរៀបចំឡើងតាំងពីបុរាណមក មិនដែលខកខានឡើយ ដោយបងប្អូនក្នុងភូមិបានកំណត់ថ្ងៃមួយនៃខែមាឃ មកជួបជុំគ្នា មិនថាកូនចៅ នៅឆ្ងាយយ៉ាងណាក៏វិលត្រឡប់មកចាប់ត្រីរួមគ្នា ធ្វើម្ហូបអាហារ ជាពិសេសទឹកសម្លនំបញ្ចុក សម្រាប់ពិធីឡើងមាឃនៅថ្ងៃបន្ទាប់។
លោកអភិបាលស្រុកបន្តថា កាលដើមឡើយពិធីចាប់ត្រីរួមគ្នានេះ មានតែអ្នកភូមិបង្កោងប៉ុណ្ណោះ ដែលមានសិទ្ធិនិងអាចចុះចាប់ត្រីបាន តែដើម្បីផ្សព្វផ្សាយអំពីប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់នេះ ជាពិសេសទាក់ទាញទេសចរឱ្យចូលមកកម្សាន្តផង អាជ្ញាធរពាក់ព័ន្ធបានផ្សព្វផ្សាយជាបន្តបន្ទាប់ រហូតអាចទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាដើម្បីសិក្សាស្វែងយល់។
ត្បិតមិនមែនជាអ្នកភូមិក្នុងសហគមន៍ភូមិបង្កោង លោក អ៊ំ តូច សារុ អាយុ៧២ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ធ្លាប់បានមកមើលពិធីចាប់ត្រីរួមគ្នា ចំនួន២ ឆ្នាំរួចមកហើយ ពិតជាសប្បាយរីករាយ និងគាំទ្រឱ្យមានការរៀបចំកម្មវិធីចាប់ត្រី សម្រាប់បុណ្យឡើងមាឃនេះ។ លោកអ៊ំថា ពិធីនេះពិតជាមានសារៈសំខាន់ បង្ហាញពីស្មារតីរួមសាមគ្គីគ្នារបស់ពលរដ្ឋក្នុងសហគមន៍ ជាពិសេសបង្ហាញពីឧបករណ៍នេសាទពីបុរាណជាដើម។
ចំណែកលោក ស្រិ តឹក ប្រជាពលរដ្ឋស្កាត់មកពីស្រុកក្រឡាញ់ មានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ ដើម្បីមកចូលរួមពិធីចាប់ត្រីរួមគ្នាក្នុងភូមិបង្កោង លើកឡើងថា ការបន្តប្រតិបត្តិទំនៀមទម្លាប់ ប្រពៃណីដែលដូនតាបានបន្សល់ទុក ពិតជាទង្វើមួយល្អប្រពៃដែលកូនចៅជំនាន់ក្រោយ ត្រូវថែរក្សា។ ជាក់ស្តែង ពិធីចាប់ ត្រីរួមគ្នា របស់បងប្អូនសហគមន៍ភូមិបង្កោង ពិតជារក្សាបានយ៉ាងខ្ជាប់ខ្ជួននូវទំនៀមទម្លាប់មួយល្អប្រសើរ។ លោកថា ពិធីចាប់ត្រីរួមគ្នានេះ ក្រៅពីផ្តល់ភាពសប្បាយ រីករាយដល់ទេសចរហើយនោះ ពួកគាត់បានឃើញដោយផ្ទាល់ភ្នែកនូវសកម្មភាពដែលបងប្អូនក្នុងសហគមន៍ បានរួមសាមគ្គីគ្នាថែរក្សាត្រពាំងបុរាណដោយមិនមានការលួច លាក់ធ្វើនេសាទមុនពេលកំណត់ ជាដើម។
ប្អូនស្រី ហម លា អាយុ២៩ឆ្នាំ ប្រជាពលរដ្ឋភូមិបង្កោង ឃុំអំពិល បានលើកឡើងថា តាំងពីធំដឹងក្តីមកប្អូនបាន ឃើញចាស់ ទុំ ឪពុកម្តាយតែងធ្វើឡើងមាឃ និងចាប់ត្រីរួមគ្នានៅត្រពាំងបុរាណនេះ។ប្អូនស្រីយល់ថា៖ នេះជាទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់ដែលដូនតាបានបន្សល់ទុក។ ក្នុងនាមជាយុវជនបន្តវេនប្អូនស្រីប្តេជ្ញាចិត្តថែរក្សាប្រពៃណីនេះ ឱ្យនៅគង់វង្សយូរអង្វែងដល់កូនចៅជំនាន់ក្រោយបន្តទៀត។
បើតាមលោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បញ្ជាក់ថា អាជ្ញាធរស្រុក មានផែនការជាច្រើន ដើម្បីអភិឌ្ឍន៍ត្រពាំងបុរាណនៅសហគមន៍ភូមិបង្កោងនេះ តាម រយៈការកែលម្អសោភណភាពបរិវេណជុំវិញត្រពាំង សាងសង់បង្គន់អនាម័យបន្ថែម ជាពិសេសសកម្មភាពលែងពូជត្រីដើម្បីបង្កើនធនធានធម្មជាតិកាន់តែច្រើន រួមជាមួយសកម្មភាពផ្សេងៗទៀត ដើម្បីទាក់ទាញទេសចរឱ្យចូលមកកម្សាន្តខេត្តសៀមរាប។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋជាអ្នកស្រុកអង្គរ មកដល់បច្ចុប្បន្ននេះ នៅតែបន្តថែរក្សាប្រពៃណីវប្បធម៌ទាំងរូបីនិងអរូបី ដែលបន្សល់ពីដូនតាមក ក្នុងនោះជារៀងរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋ តែងតែរួមគ្នាមកប្រារព្ធពិធីផ្សេងៗជុំវិញតំបន់អង្គរ ដូចជា៖ ពិធីឡើងមាឃ (ឡើងអ្នកតា) ពិធីកោរជុក និងពិធីប្រពៃណីសាសនាជាច្រើនទៀត ទាំងតាមប្រតិទិន និងមិនតាមប្រតិទិន ដែលប្រពៃណីទំនៀមទម្លាប់ទាំងអស់នេះហើយ ជាការបន្តនូវអត្តសញ្ញាណរបស់អ្នកស្រុកអង្គរឱ្យមានជីវិតរស់រវើក៕










