អន្តរជាតិ : នាថ្ងៃទី១១ ខែកុម្ភៈលោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី បានជួបពិភាក្សាការងារជាមួយ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិននៅទីក្រុង Budapest ។
លោក Wang Yi បានថ្លែងថា មេដឹកនាំនៃប្រទេសទាំងពីរបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនុកចិត្តគ្នា និងមិត្តភាព ដែលបានផ្តល់នូវការធានាជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-ហុងគ្រីប្រកបដោយភាពរឹងមាំ ។ លោកបានស្វាគមន៍ប្រទេសហុងគ្រីចែករំលែកកាលានុវត្តភាពជាមួយការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីជំរុញការអភិវឌ្ឍរួមគ្នា។ រឿងរ៉ាវជោគជ័យនៃកិច្ចសហប្រតិបត្តិការចិន-ហុងគ្រីនឹងជាគំរូសម្រាប់អឺរ៉ុប និងពិភពលោក។
ជាការឆ្លើយតប លោក Orban បានលើកឡើងថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិន ទៅកាន់ប្រទេសហុងគ្រី កាលពីឆ្នាំ២០២៤ បានពង្រឹងចំណងមិត្តភាពប្រពៃណីរវាងប្រទេសហុងគ្រី និងចិន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ។ ប្រទេសហុងគ្រីសម្តែងការកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន ប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះគោលនយោបាយចិនតែមួយ និងរំពងទុកធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ។ ប្រទេសហុងគ្រីនឹងបន្តជំរុញយ៉ាងសកម្មនូវការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិងចិន។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក Wang Yi ក៏បានជួបពិភាក្សាការងារជាមួយ លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រីនិងបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន ផងដែរ៕
ប្រភព : (CCFR)










