ភ្នំពេញ៖ អគ្គិភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅផ្អើលដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗនាវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានគេឃើញអណ្តាតភ្លើងឆេះចេញពីផ្ទះឈើរមួយកន្លែងរួចបបន្តឆេះរាលដាលទៅលើផ្ទះពលរដ្ឋនៅក្បែៗគ្នាអស់ជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ ។ ខណៈនោះប្រជាពលរដ្ឋរស់នៅក្បែខាងរួមទាំងម្ចាស់ផ្ទះបានទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាបន្ទាន់ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ភ្លាមៗផងដែរ។
បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែធ្វើការអន្តរាគមន៍បាញ់ពន្លត់ និងធ្វេីការស្រាវជ្រាវ នៃមូលហេតុដែលបង្កគ្រោះអគ្គិភ័យនេះ ៕ 




ដោយ ៖ ភារ៉ា ដង្កោ










