ខេត្តពោធិ៍សាត់៖ បុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់ត្រូវបានសត្វក្របីវ័តស្លាប់យ៉ាងអាណោចអាធ័ម ខណៈសត្វក្របី១ក្បាលនេះគាត់ទើបនឹងដាក់ចុះពីលើរថយន្ត ហើយគាត់ចាប់ខ្សែដឹកយកទៅចងកត្រូវវាវ័តតែម្តង។
ហេតុការណ៍ដ៏កម្រនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបរិវេណផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត។
លោក វេរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ម៉ាត់ ឡេះ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ។ លោក អធិការនគរបាលស្រុកបន្តថា មូលហេតុបុរសរងគ្រោះ(ស្លាប់) ដោយសារសត្វក្របី១ក្បាលវ័តចំក្បែរដោះខាងស្ដាំចំនួន២ស្នែងជ្រៅ និងទ្រូងខាងឆ្វេង១ស្នែងល្មម បណ្ដាលឲ្យគាត់ដួលប្រកាច់ស្លាប់ក្នុងថ្លុកឈាម ហើយសត្វក្របី១ក្បាលនេះគាត់ទើបទិញយកមកនិងដាក់ចុះពីរថយន្ត នៅពេលរថយន្តបើកចេញទៅបាត់គាត់កចាប់ខ្សែដឹកសត្វក្របី១ក្បាលនេះដើររកកន្លែងចងវា ប៉ុន្តែជាអកុសល់គាត់រវល់តែកាន់ខ្សែដឹកវាដើរ ក៏ត្រូវវាវ័តពីក្រោយស្ទន់ៗគ្នាបណ្ដាលឲ្យគាត់រងគ្រោះបែបនេះតែម្តង។
លោក បន្តទៀតថាក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសពជនរងគ្រោះពិតជាស្លាប់ដោយសារសត្វក្របីវ័តប្រាកដមែន ហើយប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ប៉ឹម ពិន