ការលក់រថយន្តអគ្គិសនី (EV) ទូទាំងពិភពលោកបានធ្លាក់ចុះ 3% ក្នុងខែមករា ខណៈការដាក់ពន្ធលើការទិញ និងការកាត់បន្ថយអត្ថប្រយោជន៍ជំនួយនៅ ចិន ព្រមទាំងការផ្លាស់ប្តូរគោលនយោបាយនៅ សហរដ្ឋអាមេរិក បានរារាំងការលក់ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនពិគ្រោះយោបល់ Benchmark Mineral Intelligence។
ក្រុមហ៊ុនផលិតរថយន្តសកលដែលពឹងផ្អែកខ្លាំងលើទីផ្សារអាមេរិក បានកត់ត្រាការខាតបង់តម្លៃទ្រព្យសកម្មសរុបប្រហែល 55 ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ខណៈពួកគេកាត់បន្ថយគម្រោង EV នៅទីផ្សារដែលកំពុងប្រឈមបញ្ហា ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump សង្គ្រាមតម្លៃនៅចិន និងរចនាសម្ព័ន្ធប្រភេទយានយន្តកាន់តែស្មុគស្មាញនៅអឺរ៉ុប។
នៅពេលដូចគ្នា សហភាពអឺរ៉ុប និងចិន ក៏បានបន្ធូរបន្ថយបទប្បញ្ញត្តិគាំទ្រការផ្លាស់ប្តូរទៅថាមពលអគ្គិសនីផងដែរ។
តួលេខសំខាន់ៗមានដូចជា៖
*ការចុះបញ្ជី EV ទូទាំងពិភពលោក (តំណាងឲ្យការលក់) ធ្លាក់ 3% មកនៅជិត 1.2 លានគ្រឿងក្នុងខែមករា។
*នៅចិន ធ្លាក់ 20% មកក្រោម 600,000 គ្រឿង ដែលទាបបំផុតក្នុងរយៈពេលជិត 2 ឆ្នាំ។
*នៅ អាមេរិកខាងជើង ធ្លាក់ 33% មកត្រឹមជាង 85,000 គ្រឿង ហើយសហរដ្ឋអាមេរិកលក់បានតិចបំផុតចាប់តាំងពីដើមឆ្នាំ 2022។
*នៅ អឺរ៉ុប កើនឡើង 24% ដល់ជាង 320,000 គ្រឿង ប៉ុន្តែជាអត្រាកើនយឺតបំផុតចាប់តាំងពីខែកុម្ភៈឆ្នាំមុន។
*នៅតំបន់ផ្សេងៗនៃពិភពលោក កើនឡើង 92% ជិត 190,000 គ្រឿង ជាកំណត់ត្រាថ្មី ដោយសារការលើកទឹកចិត្តនៅ ថៃ និងកំណើនខ្លាំងនៅ កូរ៉េខាងត្បូង និង ប្រេស៊ីល។
អ្នកគ្រប់គ្រងទិន្នន័យ BMI លោក Charles Lester បាននិយាយថា ការនាំចេញ EV ពីចិនកំពុងកើនឡើង ហើយនឹងបន្តរីកចម្រើនក្នុងឆ្នាំ 2026 ដោយផ្តោតលើតំបន់ជាច្រើន រួមទាំងអាស៊ីអាគ្នេយ៍ ដែលកំពុងមានកំណើនខ្លាំងក្នុងខែចុងក្រោយៗនេះ។
អ្នកគាំទ្រការបំលែងទៅថាមពលអគ្គិសនី បញ្ជាក់ពីភាពចាំបាច់ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន CO₂ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តព្រមានថា ការផ្លាស់ប្តូរលឿនពេកអាចប៉ះពាល់ដល់ការងារ និងប្រាក់ចំណេញ។
ដោយហេតុនេះ រថយន្ត hybrid ក្លាយជាជម្រើសពេញនិយមជាងមុន ទោះបីអ្នកជំនាញខ្លះអះអាងថា “mild hybrid” ដែលនៅតែប្រើប្រេងជាភាគច្រើន មានសមត្ថភាពកាត់បន្ថយការបំពុលបានត្រឹមកម្រិតទាបក៏ដោយ៕










