ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសរសើរដល់អ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមានស្មារតីយោគយល់អាធ្យាស្រ័យក្នុងការធ្វើចរាចរណ៍ ញ៉ាំងឱ្យគ្រោះថ្នាក់ និងភាពរងគ្រោះបានថយចុះ នាឆ្នាំ២០២៥។ ប៉ុន្តែគ្រោះ ថ្នាក់ និងភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជា ប្រចាំថ្ងៃលើសគ្រោះថ្នាក់សង្គមនានា ពិសេសបានកើនឡើងខ្ពស់ក្នុងឱកាសដែលមានចរាចរណ៍មមាញឹកនាពិធីបុណ្យនានា ដែលបណ្តាលមកពីកង្វះស្មារតីគោរពច្បាប់ និងកង្វះការប្រុងប្រយ័ត្ន និងការយោគ យល់អាធ្យាស្រ័យ របស់អ្នកប្រើប្រាស់ផ្លូវមួយ ចំនួន។
ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខាងមុខ នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរ ដោយគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖
១- កុំបើកបរលើសល្បឿនកំណត់។ ត្រូវបន្ថយល្បឿននៅទីកន្លែងប្រជុំជន ផ្សារ សាលារៀន វត្តអារាម។
២- សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។
៣- ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញា ផ្លាកសញ្ញា និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។
៤- ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូស សញ្ញាបែងចែកគន្លងផ្លូវ។
៥- ត្រូវបើកបរតាមទិសចរាចរណ៍នៅផ្លូវឯកទិស ដោយមិនត្រូវបើកបរបញ្ច្រាស់ទិសចរាចរណ៍។
៦- ត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសយានយន្ត ជាពិសេសសំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត មុននឹងចេញ ដំណើរ។
៧-ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមទោចក្រយានយន្ត និងពាក់ខ្សែក្រវាត់សុវត្ថិភាពពេលធ្វើដំណើរ តាមរថយន្ត។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន៕










