សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្សាយថា រុស្ស៉ី និងអ៊ុយក្រែននឹងត្រូវបើកកិច្ចចរចាក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស ដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមចាយពេលជិត ៤ឆ្នាំមកនេះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងខ្នះខ្នែងបិទបញ្ចប់សង្រ្គាមដែលបានផ្ទុះឡើងចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែកិច្ចចរចា២ជុំមកនេះក្នុងទីក្រុង Abu Dhabi មិនទាន់អាចរកឃើញច្រកចេញនៅឡើយទេ។ ភាគីទាំង២បាននិយាយជាសាធារណៈថា កិច្ចពិភាក្សាដំណើរការទៅប្រកបដោយផលិតភាព តែទីក្រុងមូស្គូ និងទីក្រុងកៀវ នៅតែបន្តខ្វែងគំនិតគ្នាលើបញ្ហាទឹកដី។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA Novosti បានដកស្រង់សម្ដីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបានឱ្យដឹងថាកិច្ចចរចាជុំបន្ទាប់ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ត្រីភាគីដដែលគឺរុស្ស៉ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ក្នុងទីក្រុងហ្សឺណែវ។ ដោយឡែក អ៊ុយក្រែនវិញក៏បានទទួលស្គាល់ដែរថាកិច្ចចរចានឹងប្រព្រឹត្តទៅក្នុងទីក្រុងហ្សឺណែវ។
បច្ចុប្បន្ន រុស្ស៉ីកំពុងកាន់កាប់ ១ភាគ៥ នៃទឹកដីអ៊ុយក្រែន ក្នុងនោះរួមមានទាំងតំបន់គ្រីមៀ ដែលទីក្រុងមូស្គូបានក្រសោបយកកាលពីឆ្នាំ២០១៤ ព្រមទាំងតំបន់ដែលក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្ររុស្ស៉ីកំពុងគ្រប់គ្រងនៅមុនការឈ្លានពានកាលពីឆ្នាំ២០២២៕









