ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៦នេះ បងប្អូនប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិនបាននាំគ្នាទិញគ្រឿងរណ្ដាប់សម្រាប់សែនព្រេន ជាពិសេសការតុបតែងផ្ទះសំបែង ព្រមទាំងជ្រូកខ្វៃ ទាខ្វៃ និងផ្លែឈើផ្សេងៗទៅតាមលទ្ធភាព និងត្រូវការយ៉ាងច្រើនជាងឆ្នាំកន្លងទៅ។
អាជីវករ លោកឡុង ម៉េងហួត អ្នកលក់ជ្រូកខ្វៃ ម្នាក់នៅផ្សារជំម្ពូវន្ដ័ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ដំបូងឡើយខ្ញុំគិតថា ដោយសារតែមានបញ្ហានៅព្រំដែនរវាងកម្ពុជា និងថៃ ការកំម៉ង់ទិញជ្រូកខ្វៃ និងទាខ្វៃរបស់ខ្ញុំ អាចមានការថយចុះ ប៉ុន្តែនៅពេលជាក់ស្តែងការគាំទ្រ និងការកំម៉ង់ទិញគឺមានច្រើនជាងឆ្នាំមុន ។ខ្ញុំទើបតែចាប់ផ្តើមរបរធ្វើជ្រូកខ្វៃ និងទាខ្វៃលក់នេះ បានប្រមាណជា៣ឆ្នាំប៉ុណ្ណោះ តែការគាំទ្រ គឺមានការកើនឡើងជា បន្តបន្ទាប់ ពីបងប្អូនប្រជាពលរដ្ឋខ្មែរ ។
ដោយឡែកអាជីវករ និងកូនខ្មែរកាត់ចិន បានសម្ដែងការរីករាយ ក្នុងការលក់ដូរគ្រឿងរណ្ដាប់ ឬទំនិញផ្សេងៗ ដូចជានំផ្លែឈើ ផ្កា សម្រាប់សែនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម នៅឆ្នាំនេះ ដោយពួកគាត់បានលើកឡើងថា ទំនិញនៅឆ្នាំនេះ មានតម្លៃធម្មតាមិនមានការឡើងថ្លៃអ្វីនោះទេ។
អាជីវករនៅផ្សារពោធិ៏ចិនតុង បានឱ្យដឹងស្រដៀងគ្នានេះដែរថា ក្នុងរយៈពេលបីថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន និងវៀតណាម ជាច្រើន បានសម្រុកទៅទិញទំ និញ ក៍ដូជាសម្ភារៈ សម្រាប់សែនព្រេនក្នុងពិធីចូលឆ្នាំចិន វៀតណាម ហើយតម្លៃទំនិញមិនមានការតម្លើងថ្លៃនោះទេ ដោយគ្រាន់តែធ្លាក់ចុះអ្នកប្រើប្រាស់បន្ដិចបន្ទួច ធៀបនឹងឆ្នាំ២០២៥កន្លងមក ដោយពួកគាត់គិតថា ដោយសារប្រទេសជាតិមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង។ ទំនិញដែលបានលក់ដូរដាច់ច្រើន មានដូចជា ផ្កា នំសែន និងផ្លែឈើ ខណៈពួកគាត់ជាប់សែស្រឡាយចិន វៀតណាម ត្រូវការរក្សាប្រពៃណីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឱ្យបានគង់វង្សតែប៉ុណ្ណោះ ។ ជាមួយគ្នានេះ កូនខ្មែរកាត់ចិន ក៏បានសម្ដែងការសប្បាយចិត្ដ ដែលពួកគាត់រក្សាបាននូវប្រពៃណីសែនចូលឆ្នាំចិន វៀតណាមនេះ បើទោះបីការរៀបចំសែនព្រេននេះតិចក្ដី ច្រើនក្ដី តាមលទ្ធភាព
លោកស្រី ឡេង អឹម ប្រជាពលរដ្ឋជាប់សែស្រឡាយចិនម្នាក់ នៅរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ ធ្វើឡើងទៅតាមទំនៀមទម្លាប់របស់ពួកគាត់ ហើយការធ្វើបុណ្យទាននេះទៅតាមលទ្ធភាព ដោយសារស្ថានភាពសេដ្ឋកិច្ច ក្នុងគ្រួសារឆ្នាំនេះមិនសូវល្អ មិនបានធ្វើធំដុំនោះទេ ប៉ុន្តែត្រូវតែធ្វើ។ តម្លៃទំនិញ ក៍ដូចជាសម្ភារៈសម្រាប់សែន គឺមានលក្ខណៈធម្មតា ពោលឡើងថ្លៃតិចតួចប៉ុណ្ណោះ។ពួកគាត់អំពាវឱ្យមានការប្រុសប្រយ័ត្នខ្ពស់ចំពោះការអុចទៀនធូប ក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមនាពេលនេះផងដែរ ៕
ដោយ៖ សំរិត









