ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានចុះកិច្ចព្រមព្រៀងរយៈពេលច្រើនឆ្នាំ ដើម្បីលក់ឈីបបញ្ញាសិប្បនិម្មិត (AI) រាប់លានគ្រឿងទៅឱ្យ Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Facebook រួមទាំងឈីបជំនាន់បច្ចុប្បន្ន និងជំនាន់អនាគត ព្រមទាំងប្រព័ន្ធដំណើរការកណ្ដាល (CPU) ដែលប្រកួតប្រជែងជាមួយផលិតផលរបស់ក្រុមហ៊ុនផ្សេងរួមមាន Intel និង Advanced Micro Devices ផងដែរ។
Nvidia មិនបានបង្ហាញតម្លៃសរុបនៃកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែបានបញ្ជាក់ថា វារួមមានឈីប Blackwell បច្ចុប្បន្ន និងឈីប AI Rubin ដែលគ្រោងនឹងចេញនាពេលខាងមុខ ព្រមទាំងការដំឡើងឯករាជ្យនៃប្រព័ន្ធដំណើរការ Grace និង Vera។
ប្រព័ន្ធដំណើរការកណ្ដាលទាំងនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យាពី Arm Holdings ហើយត្រូវបានណែនាំជាដៃគូរជាមួយឈីប AI ចាប់តាំងពីឆ្នាំ 2023។
ការប្រកាសថ្មីនេះបង្ហាញថា Nvidia កំពុងពង្រីកការប្រើប្រាស់ CPU ទៅកាន់វិស័យកំពុងរីកចម្រើន ដូចជាការបើកដំណើរការ ភ្នាក់ងារ AI និងការងារបច្ចេកទេសទូទៅ ដូចជា ការគ្រប់គ្រងមូលដ្ឋានទិន្នន័យ។
គេជឿថា Meta គឺជាអតិថិជនមួយក្នុងចំណោមអតិថិជនធំៗបួន ដែលរួមចំណែកប្រហែល 61% នៃប្រាក់ចំណូល Nvidia ក្នុងត្រីមាសហិរញ្ញវត្ថុចុងក្រោយ បង្ហាញពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះសម្រាប់អាជីវកម្មឈីប AI៕










