ខេត្តមណ្ឌលគិរី ៖ ស្ត្រីអនាថាម្នាក់ដែលមិនមានស្មារតីគ្រប់គ្រាន់ ត្រូវបានអ្នកភូមិប្រទះឃើញសម្រាលកូនតែ ម្នាក់ឯងយ៉ាងអាណោចអាធ័មតាមចិញ្ចើមផ្លូវ ក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ភ្លាមៗនោះ អាជ្ញាធរសង្កាត់រមនាបានអន្តរាគមន៍ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងផ្តល់ថវិកាឧបត្ថម្ភបឋមសម្រាប់អាហារនិងការព្យាបាលទារក ដ្បិតស្ត្រីរូបនេះមិនអាចផ្តល់ព័ត៌មានពីអត្តសញ្ញាណឬសាច់ញាតិបានឡើយ។
លោក នូរ សុមេធា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ព្យាបាលទាំងម្តាយនិងកូនតូច ដោយសារពួកគេមានជម្ងឺប្រចាំកាយ និងសុខភាពខ្សោយ។ រហូតមកដល់ពេលនេះ មិនទាន់មានសាច់ញាតិណាម្នាក់មកសួរសុខទុក្ខនៅឡើយ។
អាជ្ញាធរសូមអំពាវនាវដល់បងប្អូនដែលស្គាល់ឬជាសាច់ញាតិស្ត្រីខាងលើ សូមប្រញាប់ទំនាក់ទំនងមកអាជ្ញាធរខេត្តមណ្ឌលគិរី ឬមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីទទួលយកគាត់ទៅមើលថែទាំបន្ត៕










