ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ក្រោយពីឃើញការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុកឈ្មោះ វ៉ាន់ សារ៉ាយ Vann Saray អំពីវីដេអូមានខ្លឹមសារសំឡេងជនរងគ្រោះម្នាក់ពាក់ព័ន្ធករណីកម្ចីអនឡាញ ដែលបានមកដាក់ពាក្យបណ្ដឹង នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប៉ុន្ដែបែរជាត្រូវមន្រ្ដីដែលទទួលពាក្យបណ្ដឹងស្ដីបន្ទោសឱ្យគាត់។
នាយកដ្ឋាន បានទាក់ទងទៅម្ចាស់សំឡេង ដើម្បីសួរនាំព័ត៌មានពីគាត់ និងសម្របសម្រួលជូនគាត់ដើម្បីមកដាក់ពាក្យបណ្តឹង។ ចំពោះករណីមន្រ្តីទទួលពាក្យបណ្តឹងដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យនេះ នាយកដ្ឋានបានធ្វើការអប់រំណែនាំដល់មន្រ្តីនោះ ដែលកន្លងមកជារឿយៗ ថ្នាក់ដឹកនាំនាយកដ្ឋានតែងតែក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទ សូមអនុវត្តការងារប្រកបដោយក្រមសីលធម៌មន្រ្តីនគរបាលជាតិ។
នាយកដ្ឋានសូមអរគុណដល់សារធារណជនដែលបានផ្តល់ព័ត៌មានអំពីភាពអវិជ្ជមាន ការរិះគន់ក្នុងន័យស្ថាបនា និងសូមទទួលយកនូវចំណុចអវិជ្ជមានទាំងនេះដើម្បីធ្វើការកែលម្អឱ្យកាន់តេល្អប្រសើរក្នុងការអនុវត្តការងារបម្រើ ការពារ ប្រជាពលរដ្ឋ និងចូលរួមរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម៕
ដោយ៖តារា










