Saka ក្លាយជាកីឡាករដែលទទួលប្រាក់ខែខ្ពស់បំផុតនៅក្លឹបកាំភ្លើងធំ

ចែករំលែក៖

កីឡាករប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស Bukayo Saka បានចុះកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយក្លឹប Arsenal រហូតដល់ឆ្នាំ ២០៣១។

ប្រភពបានប្រាប់ BBC Sport ថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យ Saka ក្លាយជាកីឡាករដែលទទួលប្រាក់ខែខ្ពស់បំផុតនៅក្លឹប ដោយលើសពី៣០ម៉ឺន (៣០០.០០០) ផោនក្នុងមួយសប្តាហ៍។ ការចរចាអំពីកិច្ចសន្យាថ្មីបានបន្តជិតមួយឆ្នាំ ហើយគាត់បានយល់ព្រមផ្ទាល់មាត់តាំងពីខែមករា។

Saka ដែលមានអាយុ ២៤ ឆ្នាំ បានចុះកិច្ចសន្យាមុននៅឆ្នាំ ២០២៣ ដែលត្រូវផុតកំណត់ឆ្នាំ ២០២៧ ប៉ុន្តែកិច្ចសន្យាថ្មីនេះបង្ហាញថាគាត់បានប្តេជ្ញាបន្តអនាគតល្អបំផុតរបស់ខ្លួនជាមួយក្រុម “កាំភ្លើងធំ”។

ដំណឹងនេះជាកម្លាំងលើកទឹកចិត្តដ៏សំខាន់សម្រាប់ Arsenal ខណៈពួកគេកំពុងប្រជែងពានរង្វាន់ចំនួន ៤  ដើម្បីឈ្នះពានជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២០។ 

ក្លឹបក៏បានបន្តបន្តកិច្ចសន្យារយៈពេលវែងជាមួយកីឡាករសំខាន់ៗដូចជា William Saliba, Gabriel Magalhaes, Ethan Nwaneri និង Myles Lewis-Skelly ផងដែរ។

រដូវកាលនេះ Saka រកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ ប្រកួតសម្រាប់ Arsenal។ គាត់បានបង្ហាញខ្លួនលើកដំបូងនៅក្រុមធំក្នុងអាយុ ១៧ ឆ្នាំ ឆ្នាំ ២០១៨ ហើយបច្ចុប្បន្នបានលេងក្នុងក្របខណ្ឌ Premier League ចំនួន ២១៧ ប្រកួត និងរកបាន ៥៧ គ្រាប់។

គាត់នៅសល់ ១១៦ ប្រកួតទៀតដើម្បីបំបែកកំណត់ត្រា ៣៣៣ ប្រកួតរបស់ Ray Parlour សម្រាប់ Arsenal ហើយនឹងក្លាយជាកីឡាករអាជីពនៅក្លឹបរយៈពេល ១៣ ឆ្នាំ នៅពេលកិច្ចសន្យាថ្មីផុតកំណត់។

សម្រាប់ជម្រើសជាតិអង់គ្លេស Saka រកបាន ១៤ គ្រាប់ក្នុង ៤៨ ប្រកួត ហើយរំពឹងថានឹងស្ថិតក្នុងក្រុមរបស់ Thomas Tuchel សម្រាប់ព្រឹត្តិការណ៍ World Cup ដែលនឹងចាប់ផ្តើមខែមិថុនា។

បច្ចុប្បន្ន Arsenal កំពុងនាំមុខ ៥ ពិន្ទុនៅកំពូលតារាង Premier League ហើយនឹងជួប Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រ EFL Cup នៅខែមីនា ខណៈពួកគេក៏បានឆ្លងទៅវគ្គចាញ់-ឈ្នះនៃ Champions League និងវគ្គទី ៥ នៃ FA Cup ផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print