ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ល្វែងរួមទាំងសម្ភារះមួយចំនួនធំអស់ស្ទើរទាំងស្រុងនិងបណ្តាលឲ្យមានមនុស្សប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់និងស្រាលបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញចេញរថយន្តទៅជួយបាញ់ពន្លត់ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានគេបានឃើញអណ្តាតភ្លើងឆាបឆេះចេញពីផ្ទះល្វែង ខណះដែលម្ចាស់ចាក់សោរទុកចោលមុនគេយ៉ាងសន្ធោសន្ធៅរួចបន្តឆេះរាលដាលទៅលើផ្ទះល្វែងនៅក្បែៗគ្នាចំនួន២ល្វែងបន្ថែមទៀតភ្លាមនោះដែរ ។
ក្នុងករណីអគ្គិភ័យខាងលេី ប្រជាពលរដ្ឋរស់នៅក្បែខាងរួមទាំងម្ចាស់ផ្ទះបានទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាបន្ទាន់ សមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគបាញ់ពន្លត់ជាច្រើនគ្រឿងជាបន្តបន្ទាប់ទើបសមត្ថកិច្ចជំនាញបាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុង ។ ចំពោះមូលហេតុ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅពេលក្រោយ ។ ដោយឡែក មនុស្សប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់និងស្រាល បានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗផងដែរ៕
ដោយ ៖ ភារ៉ា ដង្កោ









