ទីក្រុង វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាម៉េរិក បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា៖ អ៉ីរ៉ង់ត្រូវតែចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើននឹងកើតឡើង ជាមួយការទុកពេល ១០ ទៅ១៥ថ្ងៃឱ្យធ្វើការសម្រេចចិត្ត ខណៈតេហេរ៉ង់គំរាមជាថ្មីថានឹងវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើខ្លួនរងការវាយប្រហារ។
ខណៈការបង្កើនវត្តមានយោធាអាមេរិកយ៉ាងសម្បើមក្នុងតំបន់មជ្ឈិមបូព៌ា បាន និងកំពុងបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ លោក ដូណាល់ ត្រាំ បាននិយាយថាកិច្ចចរចា ជាមួយអ៉ីរ៉ង់ដើម្បីបំបែកភាពជាប់គាំងបានដំណើរទៅយ៉ាងល្អ តែទាមទាំងឱ្យតេហេរ៉ង់ឈានដល់កិច្ចព្រមព្រៀងដ៏មានអត្ថន័យមួយ។ «បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើន នឹងកើតឡើង»។ នេះជាការគូសបញ្ជាក់បស់លោក ត្រាំ ដែលគំរាមម្ដងហើយម្ដងទៀតពីការវាយប្រហារលើអ៉ីរ៉ង់ ប្រាប់ទៅកាន់កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ក្នុងទីក្រុងវ៉ាស៊ីនតោន។
ជាមួយគ្នានោះ ប្រធានាធិបតី អាម៉េរិក ត្រាំ ក៏បានរំឮកឡើងវិញផងដែរពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា «សក្តានុពលនុយក្លេអ៊ែររបស់អ៉ីរ៉ង់ត្រូវបានបំផ្លាញ ដូច្នេះយើងប្រហែលជានឹងត្រូវចាត់វិធានការបន្ថែម ឬក៏មិនចាំបាច់។ អ្នកទាំងអស់គ្នានឹងបានដឹងក្នុងពេលប្រហែល ១០ថ្ងៃទៀត»។ នៅពេលត្រូវបានសាកសួរបន្ថែម លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថា «ខ្ញុំគិតថា១០ ទៅ១៥ថ្ងៃ វាគ្រប់គ្រាន់ហើយ»។
គួរបញ្ជាក់ថា ក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អ៉ីរ៉ង់បានបញ្ជាក់ថាខ្លួននឹងមិនចាប់ផ្ដើមសង្រ្គាមមុននោះទេ ប៉ុន្តែក្នុងករណី ដែលខ្លួនរងការវាយប្រហារ ឬឈ្លានពានដោយយោធា នោះអ៉ីរ៉ង់នឹងសងសឹកឱ្យបានខ្លាំងក្លា និងសមស្របទៅតាមសិទ្ធិស្វ័យការពារខ្លួន៕
ដោយ ៖តារា










