ភ្នំពេញ៖ -ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន២៧០៩ទីតាំង រកឃើញជន បរទេស ស្នាក់នៅចំនួន២១១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន៦៦៨៣នាក់។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងមានការសម្រប សម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប) ។ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ អគារ,ខុនដូរ អាផាតមិន,បុរី,ផ្ទះសំណាក់ និងសណ្ឋាគារដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។
នៅក្នុងរយៈពេល១៥ថ្ងៃ ក្នុងខែកុម្ភៈ២០២៦ សមត្ថកិច្ច ក៏បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសចំនួន៤០ករណីផ្សេង ទៀត ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន២៨៤នាក់ ក្នុងនោះស្ត្រី ៣១នាក់ មកពី១៣សញ្ជាតិ រួមមាន៖ វៀតណាម ចិន,មីយ៉ាន់ម៉ា,កូរ៉េខាងត្បូង,ម៉ាឡេស៊ី,នេប៉ាល់,បង់ក្លាដេស, ឥណ្ឌា,ស្រីលង្កា,ហ្វីលីពីន,ឥណ្ឌូណេស៊ី,ប៉ាគីស្ថាន និងសិង្ហបុរី។
ក្នុងចំណោមករណីបង្ក្រាបខាងលើ សមត្ថកិច្ច ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញបានកសាងសំណុំ រឿងបញ្ជូនទៅតុលាការចំនួន១១ករណី ដែលមានមេខ្លោង និងអ្នកពាក់ព័ន្ធផ្ទាល់ជាជនជាតិចិន២២នាក់ សិង្ហបុរី ០១នាក់ និងខ្មែរ០១នាក់សរុបទាំងអស់២៤នាក់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេក វិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លង ដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈម មុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើ ឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលខាងមុខ៕


ដោយ៖ សំរិត









