ភ្នំពេញ៖ ករណីឃាតកម្មជនជាតិប៉ាគីស្ថាន យកខ្សែកាប្លិ៍រឹតកសម្លាប់សង្សារខ្លួនឯងដែលជាជនជាតិប៉ាគីស្ថានដូចគ្នា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦កន្លងទៅ នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឈានដល់ការចាប់ខ្លួនបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខស្ថានទូតប៉ាគីស្ថាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់, លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ HASSAN TAIMOOR អាយុ៣៣ឆ្នាំ ជនជាតិប៉ាគីស្ថាន។ ដោយឡែកជនរងគ្រោះ ឈ្មោះ KANWAL SHAMMSA ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរមិនពិតប្រាកដ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ HASSAN TAIMOOR បានសារភាពថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២១៖០០នាទី ខ្លួន និងឈ្មោះ DAVID ឈ្មោះ MUSIAQ AJAS បានទៅផឹកស៊ីនៅបាមាត់ទន្លេ ពេលផឹកស៊ីហើយម៉ោងប្រហែល១៖០០នាទី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានជិះម៉ូតូមកផ្ទះវិញ ពេលមកដល់ផ្ទះមិត្តស្រីឈ្មោះ SHAMSA KANWAL (ជនរងគ្រោះ) បានឈ្លោះប្រកែកគ្នា ហើយខ្លួនបានទះ៤កំផ្លៀងបណ្ដាលឲ្យសន្លប់។
លុះពេលនាងដឹងខ្លួន ក៏ជេរប្រមាថបន្ថែមទៀត ទើបធ្វើឲ្យខ្លួនខឹងកាន់តែខ្លាំង ក៏ទាញផ្ដាច់ខ្សែកាប្លិ៍ទូរទស្សន៍ និងកន្ទុយខ្សែសងខាងទាក់កមិត្តស្រីពីខាងមុខបំពង់ករហូតដល់ស្លាប់។ បន្ទាប់មកខ្លួនក៏បានហៅ ឈ្មោះ DAVID និងប្រពន្ធឈ្មោះ BATOOL NADLA និងឈ្មោះ MUSIAQ AJAS មកប្រាប់ថា ខ្លួនបានរឹតកសម្លាប់មិត្តស្រី ទើបឲ្យឈ្មោះ MUSIAQ AJAS ហៅរថយន្ដតាក់ស៊ីម៉ាក មកដឹកសាកសពមិត្តរបស់ខ្លួនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះក្រែងអាចសង្គ្រោះបាន តែបើសង្គ្រោះមិនបានខ្លួន និងទុកសាកសពមិត្តស្រីរបស់ខ្លួនចោលនៅមន្ទីរពេទ្យ។
ពេលរថយន្ដមកដល់ខ្លួនបានឲ្យឈ្មោះ MUSIAQ AJAS បីសាកសពមិត្តស្រីចេញពីបន្ទប់ឡៅតឿផ្នែកខាងមុខចុះមកក្រោម ហើយបើកទ្វារផ្ទះចេញ ប៉ុន្ដែម្ចាស់រថយន្ដតាក់ស៊ីម៉ាកព្រុស ឃើញស្ថានភាពមិនល្អក៏មិនដឹក ហើយបើករថយន្ដចេញទៅបាត់ ហើយខ្លួនក៏បានឲ្យឈ្មោះ MUSIAQ AJAS បីសាកសពរបស់មិត្តស្រីយកទៅដាក់ក្នុងបន្ទប់វិញ និងគេចខ្លួនជាបន្ដបន្ទាប់។ ក្រោយមកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចមុខស្ថានទូតប៉ាគីស្ថាន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញតែម្តង។
បច្ចុប្បន្នជនសង្ស័យឈ្មោះ HASSAN TAIMOOR និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ខណៈជនសង្ស័យផ្សេងទៀត កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន៕ដោយ៖តារា










