កីឡាករប្រដាល់អាមេរិក Ryan Garcia បានឈ្នះខ្សែក្រវាត់ធំលើកដំបូងក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីយកឈ្នះ Mario Barrios ដោយពិន្ទុ ក្លាយជាម្ចាស់ខ្សែក្រវាត់ World Boxing Council ប្រភេទទម្ងន់ welterweight ថ្មី។
Garcia វ័យ 27 ឆ្នាំ បានវាយ Barrios ឱ្យដួលលើកដំបូងក្នុងរយៈពេលតែ 30 វិនាទីដំបូងនៃជុំទី១ ដោយកណ្តាប់ដៃស្តាំ ក្នុងការប្រកួតនៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍។
អតីតម្ចាស់ខ្សែក្រវាត់ interim lightweight រូបនេះ គ្រប់គ្រងការប្រកួតពេញ 12 ជុំ និងឈ្នះដោយពិន្ទុ 119-108, 120-107 និង 118-109។
បន្ទាប់ពីការប្រកួត Garcia បានប្រកាសហៅប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ WBO super-lightweight ថ្មី Shakur Stevenson ដែលបានចូលរួមទស្សនាការប្រកួតនៅសាលា T-Mobile Arenaនោះផងដែរ។
Garcia បាននិយាយថា៖
“អ្នកដែលខ្ញុំចង់ប្រកួត គាត់នៅទីនោះហើយ។ Shakur Stevenson ចាំមើល! ខ្ញុំចង់ក្លាយជាម្ចាស់ខ្សែក្រវាត់ដ៏អស្ចារ្យ ខ្ញុំមិនខ្លាចនរណាទេ។ ខ្ញុំធ្លាប់ប្រកួតជាមួយ Devin Haney រួចហើយ ខ្ញុំនឹងប្រកួតជាមួយអ្នក Shakur Stevenson ឬនរណាក៏បាន។”
Garcia ក៏បានឆ្លើយតបបន្ទាប់ពីមានការនិយាយថា Stevenson មានកម្រិតលើសគាត់ថា៖
“អ្នកត្រូវមានកម្លាំងកណ្តាប់ដៃខ្លាំងគ្រប់គ្រាន់ ដើម្បីធ្វើឲ្យខ្ញុំឈប់បាន ព្រោះរបៀបប្រកួតវានឹងខុសគ្នា ហើយខ្ញុំនឹងមិនវាយស្រាលទេ។”
Garcia ធ្លាប់ត្រូវពិន័យហាមប្រកួតរយៈពេលមួយឆ្នាំក្នុងឆ្នាំ 2024 បន្ទាប់ពីបរាជ័យតេស្តសារធាតុហាមប្រើ បន្ទាប់ពីឈ្នះ Haney ដែលលទ្ធផលនោះត្រូវបានលុបចោល និងកត់ត្រាជាមិនមែនការប្រកួត។
ជ័យជម្នះលើកនេះ គឺជាជ័យជម្នះដំបូងរបស់ Garcia បន្ទាប់ពីចាញ់ពិន្ទុយ៉ាងភ្ញាក់ផ្អើលពីកីឡាករ Rolando Romero កាលពីឆ្នាំមុន ហើយធ្វើឲ្យកំណត់ត្រារបស់គាត់កើនដល់ 25 ឈ្នះ និង 2 ចាញ់។
ចំណែក Barrios ត្រូវបានលើកកម្ពស់ពី interim ទៅជាម្ចាស់ខ្សែក្រវាត់ពេញលេញ WBC នៅខែមិថុនា ឆ្នាំ 2024 ហើយធ្លាប់ការពារខ្សែក្រវាត់បានពីរលើក ដោយស្មើពិន្ទុ រួមទាំងការប្រកួតស្មើជាមួយ Manny Pacquiao វ័យ 46 ឆ្នាំ កាលពីរដូវក្តៅមុន៕










