សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Albusaidi បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ថាអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងបើកកិច្ចចរចានុយក្លេអ៊ែរជុំទី៣ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស នៅចំពោះមុខការព្រួយបារម្ភពីហានិភ័យផ្ទុះជម្លោះយោធារវាងប្រទេសជាគូសត្រូវទាំង២។
សហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានព្រមានថារឿងអាក្រក់អាចនឹង កើតឡើង ប្រសិនបើគ្មានការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយជម្លោះយូរអង្វែងមកហើយជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ទេនោះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងកាលពីថ្ងៃអាទិត្យថាអ៉ីរ៉ង់យល់ព្រមធ្វើសម្បទានលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀង ជាថ្នូរទៅនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច និងការទទួលស្គាល់ សិទ្ធិរបស់អ៉ីរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមប្រកបដោយសន្តិភាព។
ដោយឡែក ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអាទិត្យ បានបង្ហាញគំនិតសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមថា កិច្ចចរចាកន្លងមកសម្រេចបាននូវសញ្ញាលើកទឹកចិត្តជាច្រើន ប៉ុន្តែបានអះអាងថាតេហេរ៉ង់បានត្រៀមលក្ខខណៈជាស្រេចសម្រាប់គ្រប់សេណារីយ៉ូទាំងអស់។ អូម៉ង់គឺជាអ្នកសម្របសម្រួលកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់៕










