ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់សហរដ្ឋអាម៉េរិក បានពិភាក្សារិះរកមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ជាពិសេសលើវិស័យការពារជាតិ និងសន្តិសុខ រួមទាំងការរៀបចំសមយុទ្ធយោធារួមគ្នាឡើងវិញ ក្នុងនោះមានសមយុទ្ធ «ឆ្មាំអង្គរ» ដែលគ្រោងធ្វើនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
ការពិភាក្សានេះធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី អញ្ជើញស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់សហរដ្ឋអាម៉េរិកជាច្រើនរូប។
ក្នុងជំនួបជាមួយ លោក Elbridge A. Colby អនុរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាម៉េរិក និងលោក Andrew Collison Baker អនុទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក ភាគីទាំងពីរបានកត់សម្គាល់ពីដំណើរវិជ្ជមាន នៃទំនាក់ទំនងកម្ពុជា-អាម៉េរិក ដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចនាវា USS Cincinnati មកមូលដ្ឋានសមុទ្ររាម ការលុបចោលបម្រាមលក់សព្វាវុធដល់កម្ពុជា និងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិឡើងវិញ។
ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅលើវិស័យការពារជាតិ និងសន្តិសុខ ដោយផ្ដោតលើការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល និងការរៀបចំសមយុទ្ធយោធារួមគ្នាឡើងវិញ ជាពិសេសសមយុទ្ធ «ឆ្មាំអង្គរ» ដែលត្រូវបានរំពឹងថានឹងរៀបចំឡើងវិញនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
ជាមួយគ្នានេះ ភាគីទាំងពីរបានបន្តលើកទឹកចិត្តការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យផ្សេងៗទៀត ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍រួមរវាងប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖តារា










