ខេត្តកណ្តាល÷ បុរសម្នាក់ដោយសារតែឥទ្ធិពលស្រាបញ្ជាបានទាស់សម្ដីជាមួយបងថ្លៃ ហើយត្រូវឪពុកបងថ្លៃមកស្ដីបន្ទោស ក៏ខឹងច្រឡោតទាញកាំបិតប៉័ងតោដេញកាប់ និងកាប់បំផ្លាញកញ្ចក់រថយន្ត។ ភ្លាមៗនោះ ជនសង្ស័យត្រូវបានម្ដាយ និងបងប្រុសបង្កើត រួមទាំងអ្នកជិតខាងជួយចាប់ចងប្រគល់ឲ្យសមត្ថកិច្ច។ ហេតុ ការណ៍ហិង្សានេះបានកើតឡើងកាលពីថ្ងៃទី២២ កុម្ភៈ ២០២៦ វេលាម៉ោង ១៥ និង០០នាទី នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ា ម៉េងហុង ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះឈ្មោះ ធី រ៉ាប៊ុន ភេទប្រុស អាយុ៤៦ឆ្នាំ មុខ របរកសិករ ដោយអ្នកទាំងពីរមានទីលំនៅភូមិ-សង្កាត់កើតហេតុជាមួយគ្នា។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន កាំបិតប៉័ងតោដងឈើ ១ និងកាំបិតប៉័ងតោគ្មានដង ១ ចំណែកសម្ភារៈខូចខាតគឺបែកកញ្ចក់រថយន្តម៉ាក CRV ខាងឆ្វេងផ្នែកខាងមុខចំនួន ១ផ្ទាំង និងធ្វើឲ្យជនរងគ្រោះមានការភិតភ័យយ៉ាងខ្លាំង។
លោកអធិការបានបញ្ជាក់ពីដំណើររឿងថា ជនសង្ស័យគឺជាមនុស្សញៀនស្រា។ នៅថ្ងៃកើតហេតុ ក្រោយពីផឹកស្រាស្រវឹងមកដល់ផ្ទះ ជនសង្ស័យបានរករឿងទាស់ សម្ដីគ្នាជាមួយជនរងគ្រោះជាបងថ្លៃ។ ស្របពេលនោះ ឪពុករបស់បងថ្លៃឈ្មោះ តាធី ក៏បានដើរចូលមកស្ដី បន្ទោសឲ្យជនសង្ស័យ ធ្វើឲ្យជនសង្ស័យខឹងទាញកាំបិតប៉័ងតោដេញកាប់តាធី តែសំណាងល្អតាធីបានរត់គេចចូលទៅកន្លែងអាងចិញ្ចឹមក្រពើទាន់ពេលវេលា។ ក្រោយដេញកាប់មិនបាន ជនសង្ស័យបានត្រឡប់មក វិញ រួចស្រែកហៅបងថ្លៃឲ្យចេញពីក្នុងផ្ទះ តែជនរង គ្រោះមិនព្រមចេញ ទើបជនសង្ស័យកាន់តែក្តៅ ក្រហាយយកកាំបិតប៉័ងតោទៅកាប់កញ្ចក់រថយន្តបងថ្លៃបែកអស់ ១ផ្ទាំង។
ប្រភពដដែលបានបន្តថា ឃើញសភាពមិនស្រួលបែបនេះ អ្នកជិតខាង ជាពិសេសម្ដាយ និងបងប្រុសបង្កើតរបស់ជនសង្ស័យ បាននាំគ្នាជួយដេញចាប់ និងចងជើងជនសង្ស័យជាប់។ ដោយសារជនសង្ស័យដេកននៀលដីប្រឡាក់ ម្ដាយ និងបងប្រុសក៏បានយកទឹកមកងូតលាងសម្អាតឲ្យ រួចទើបប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់យកមកសួរនាំតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានទាញកាំបិតដេញកាប់ឪពុកបងថ្លៃ និងកាប់កញ្ចក់រថយន្តប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕










