ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឱ្យពលករខ្មែរជំនាញផ្នែកកសិកម្ម និងសំណង់ប្រញាប់មកដាក់ពាក្យធ្វើតេស្តជំនាញ និងភាសាជប៉ុនដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុន ទទួលបានបទពិសោធន៍ការងារល្អៗ និងទទួលបានប្រាក់ខែខ្ពស់។
បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេងសួរ បានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយទើបទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖ អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្ត ភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនសម្រាប់ពលករជំនាញ តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ក្នុងគម្រោងពលករជំនាញជាបន្តបន្ទាប់ក្នុងនោះប្រភេទតេស្តភាសាជប៉ុន ជំនាញផ្នែកសំណង់ និងកសិកម្មធ្វើនៅថ្ងៃខែដូចគ្នានៅវិទ្យាស្ថានអភិវឌ្ឍន៍ វិស័យអប់រំដែលស្ថិតនៅផ្ទះលេខ៩A ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានលេខទូរសព្ទ៖ +855 12 937 168/+855 16 862 868/+855 15 729 123/+855 12 269 768 ក្នុងនោះរួមមានថ្ងៃទី២៣,២៤,២៥ និង៣០ខែមេសា ឆ្នាំ២០២៦ និងថ្ងៃទី៧, ៩, ១១ និង១២ខែឧសភាឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីបានបន្តថា ចំពោះតម្លៃវិញផ្នែកជំនាញភាសាជប៉ុនពលករជំនាញត្រូវបង់ ៣៦ដុល្លារ និងផ្នែកសំណង់ត្រូវបង់១៤ដុល្លារ។ សេវានៃការចុះឈ្មោះធ្វើតេស្ត គឺបង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន។
លោករដ្ឋមន្ត្រីបានបន្តទៀតថា រីឯលក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន គឺបេក្ខជនត្រូវមានអាយុ ចាប់ពី១៧ឆ្នាំឡើងទៅ ដោយមិនគិតពី កម្រិតវប្បធម៌ឡើយ ហើយឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្តរួមមាន អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬបណ្ណបើកបរ៕
ដោយ៖តារា










