មន្ត្រីវិមានក្រឹមឡាំងបានប្រកាសថា រុស្ស៊ីបានបញ្ចប់ការប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន ១០០០នាក់ និងទទួលបានសពទាហានរុស្ស៊ី ៣៥នាក់ជាថ្នូរវិញ។
លោក Vladimir Medinsky ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី និងជាប្រធានក្រុមចរចាជាមួយអ៊ុយក្រែន បានប្រកាសនៅថ្ងៃទី២៦ ខែកុម្ភៈថា ទីក្រុងមូស្គូបានបញ្ចប់ការដោះដូរសាកសពមួយផ្សេងទៀតជាមួយទីក្រុងគៀវ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីដំណើរការនោះទេ ប៉ុន្តែបានបង្ហោះរូបភាពនៃថង់សាកសពដែលត្រូវបានដឹកចេញពីឡានដឹកទំនិញ។ មន្ត្រីអ៊ុយក្រែនមិនទាន់បានបញ្ជាក់ពីព័ត៌មានអំពីការដោះដូរនេះនៅឡើយទេ។
ប្រតិបត្តិការមនុស្សធម៌ ដែលគាំទ្រដោយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានកើតឡើងក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការលើកទឹកចិត្តរុស្ស៊ី និងអ៊ុយក្រែនឱ្យចរចាបញ្ចប់ជម្លោះ។
គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែនបានជួបប្រជុំគ្នានៅថ្ងៃទី២៦ ខែកុម្ភៈ នៅប្រទេសស្វីស ដើម្បីពិភាក្សាអំពីការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការក្នុងការកសាងអ៊ុយក្រែនឡើងវិញ នៅពេលដែលអរិភាពបានបញ្ចប់។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky សង្ឃឹមថានឹងរៀបចំកិច្ចប្រជុំមួយនៅកម្រិតថ្នាក់ដឹកនាំជាមួយរុស្ស៊ី និងសហរដ្ឋអាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀងលើបញ្ហាសំខាន់ៗ៕
រូបថត: AFP










