ខេត្តព្រះវិហារ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ របស់កម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ លើសពីការបដិសេដ កម្ពុជាកំពុងប្រមូលភស្តុតាងទាំងអស់ដែលយោធាថៃបើកការវាយប្រហារមកលើប្រាសាទ និងការខូចខាតដែលបានកើតឡើង។
នេះបើតាមសេចក្តីថ្លែងការណ៍ក្រសួងវប្បធម៌ ចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦។
ការបដិសេដនេះ បន្ទាប់ពីក្រសួងបានកត់សម្គាល់សេចក្តីថ្លែងការណ៍ដែលសន្មតថាជារបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដែលបានរាយការណ៍ដោយកាសែត The Nation Thailand ដោយចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។
ក្រសួងវប្បធម៌ដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយបញ្ជាក់ថា៖«កម្ពុជាមានកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិក្នុងការការពារប្រាសាទព្រះវិហារ ដូចដែលបានបញ្ជាក់ដោយតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ វត្តមានរបស់អាជ្ញាធរកម្ពុជាគឺដើម្បីការពារបេតិកភណ្ឌវប្បធម៌ មិនមែនបម្រើឱ្យយោធានោះទេ»។ លើសពីនេះ កម្ពុជាកំពុងប្រមូល កត់ត្រា និងថែរក្សាភស្តុតាងទាំងអស់ដែលទាក់ទងនឹងការវាយប្រហារប្រឆាំងនឹងប្រាសាទ និងការខូចខាតដែលកើតឡើងចំពោះប្រាសាទ និងតំបន់ជុំវិញរបស់វាជាប្រព័ន្ធ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួសជុល ការពារគ្រោះថ្នាក់នាពេលអនាគត និងពង្រឹងការប្តេជ្ញាចិត្តអន្តរជាតិចំពោះការការពារបេតិកភណ្ឌវប្បធម៌។ ការខូចខាតដល់តំបន់បេតិកភណ្ឌពិភពលោក គឺជាបញ្ហាដែលសហគមន៍អន្តរជាតិទាំងមូលព្រួយបារម្ភ លើសពីជម្លោះនយោបាយ។
សូមជម្រាបថា ប្រាសាទព្រះវិហារគឺជាវិមានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ ដែលមានតម្លៃជាសកលដ៏លេចធ្លោ។ ទីតាំងនេះមិនដែលត្រូវបានចាត់តាំងអភិវឌ្ឍ ឬប្រើប្រាស់ជាមូលដ្ឋានយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ ១៩៧២ ប្រទេសកម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការការពារទ្រព្យសម្បត្តិវប្បធម៌ និងធានាថាតំបន់បេតិកភណ្ឌពិភពលោកនេះត្រូវបានរក្សាទុកសម្រាប់តែគោលបំណងសន្តិភាព វប្បធម៌ និងសាសនាប៉ុណ្ណោះ។
តុលាការយុត្តិធម៌អន្តរជាតិ បានចេញសាលក្រមឆ្នាំ ១៩៦២ បញ្ជាក់ពីអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាលើប្រាសាទព្រះវិហារ និងតម្រូវឱ្យប្រទេសថៃដកកងកម្លាំងយោធាចេញ។ នៅឆ្នាំ ២០១៣ តុលាការបានបញ្ជាក់បន្ថែមទៀតថា អធិបតេយ្យភាពរបស់កម្ពុជាលាតសន្ធឹងលើតំបន់ប្រាសាទព្រះវិហារទាំងមូល។ ចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ២០០៨ ប្រាសាទព្រះវិហារនៅតែស្ថិតនៅក្រោមការគ្រប់គ្រងដោយសន្តិភាពរបស់កម្ពុជា ដោយបម្រើជាកន្លែងគោរពបូជា ធម្មយាត្រា និងសារៈសំខាន់ខាងវប្បធម៌។ ប៉ុន្តែស្ថានភាពសន្តិភាពនៃទីតាំងនេះត្រូវបានរំខាននៅឆ្នាំ ២០០៨ នៅពេលដែលយោធាថៃបានឈ្លានពានតំបន់ជុំវិញប្រាសាទ រួមទាំងវត្តកែវគីរីស្វារៈ ដោយផ្អែកលើការបកស្រាយផែនទីព្រំដែនឯកតោភាគី។ សកម្មភាពនេះបានផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន បង្កឱ្យមានភាពតានតឹងប្រដាប់អាវុធ និងបំផ្លាញផ្នែកខ្លះនៃប្រាសាទ។
បន្តមកទៀត នៅឆ្នាំ ២០២៥ ប្រតិបត្តិការស្រដៀងគ្នានេះដោយកងកម្លាំងថៃតាមបណ្តោយព្រំដែនបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាប្រដាប់អាវុធ និងការខូចខាតដែលមិនធ្លាប់មានពីមុនមកមកលើប្រាសាទ និងតំបន់ជុំវិញ។ ក្រសួងបញ្ជាក់ជាថ្មីថា ប្រាសាទព្រះវិហារនៅតែជាវិមានសន្តិភាព វប្បធម៌ និងបេតិកភណ្ឌមនុស្សជាតិរួម។
សូមបញ្ជាក់ថា ក្នុងសង្គ្រាមឈ្លានពានក្នុងសម័យទំនើប ថៃបានប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់មកលើប្រាសាទព្រះហារ និងតំបន់ជុំវិញ បង្កឱ្យមានការខូចខាតយ៉ាងខ្លាំងដល់សម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក៕ដោយ៖តារា
រូបភាព៖ គ្រាប់បែកបន្សល់ដោយយោធាថៃ នៅលើប្រសាទព្រះវិហារ










