ខេត្តក្រចេះ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើត ឡើងកាលពីព្រលឹមស្រាងៗថ្ងៃទី២៧ ខែកុម្ភៈ ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៧ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៤១៨-៤១៩ ក្នុងភូមិសាស្ត្រភូមិអូរព្រះ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ដែលបណ្តាលឱ្យបុរស ២ នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសស្រាល។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង០៥និង០០ នាទីព្រឹក រវាងរថយន្ត២គ្រឿង ដែលបង្កឡើងដោយរថយន្តម៉ាក FORD RANGER RAPTOR ពណ៌ស ពាក់ស្លាកលេខ កម្ពុជា DEY.7878 បើកបរដោយឈ្មោះ ដាំ ពិទូ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្រុងស្ទឹងត្រែង។
រថយន្តនេះធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងខ្លាំងក្នុងទិសដៅផ្ទុយគ្នាក៏រេចង្កូតទៅបុករថយន្តម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2912 បើកបរដោយឈ្មោះ ងួន
កេត ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ពេញទំហឹង បណ្តាលឱ្យស្លាប់ទាំងសងខាង។ ចំណែកអ្នករួមដំណើរម្នាក់ ក្នុងរថយន្តស៊ាំយ៉ុង ឈ្មោះ ជួន សុខនៅ ភេទប្រុស អាយុ ៣៧ឆ្នាំ រងរបួសស្រាល។
ក្រោយកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានចុះទៅដល់ទីតាំងដើម្បីសម្រួលចរាចរណ៍និងធ្វើកំណត់ហេតុ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទាំង ២ គ្រឿង ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
យោងតាមការសន្និដ្ឋានបឋមពីសមត្ថកិច្ចឱ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពីការបើកបរក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្ននៅចំណុចផ្លូវកោង៕












