ចាំមើល​សំណាញ់​ច្បាប់ខ្លាំង​ ឬ​បុគ្គល​ ឆាង យូរេត​ មេព្រៃស្រុក​ក្រឡាញ់​ ដែល​ល្បី​រឿង​អាស្រូវ​ច្រើនខ្លាំងជាង​ ខណៈ​មន្ត្រី​អាជ្ញាសាលាខេត្ត​បន្ទាយមានជ័យ​ម្នាក់ ប្តឹង​ទៅសាលាដំបូងខេត្តសៀមរាប​ ចំនួន​៣បទល្មេីស​ ពាក់ពន្ធ័​ករណី​មនុស្ស​ឃាត​ និងបំផ្លាញ​ទ្រព្យសម្បត្តិ​៖​ (មានវីដេអូ​)

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ យោងតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ឡុង ឧត្តម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលជាមន្រ្តីអាជ្ញាសាលានៃអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តបន្ទាយមានជ័យ​ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ បានដាក់ពាក្យ​បណ្ដឹង​ទៅព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប​ ដោយប្ដឹង​បុគ្គល​ម្នាក់​ ឈ្មោះ ឆាង យូរេត ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ មានមុខរបរមេរដ្ឋបាលព្រៃឈើស្រុកក្រឡាញ់​ ចំនួន​ ៣បទល្មេីស​រួមមាន​៖​ ១. បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ តាមបំបុកសម្លាប់រូបគាត់ ;២. ប៉ុនប៉ង់ឃាតកម្ម (ជិះរថយន្តតាមបំបុកសម្លាប់រូបគាត់ចំនួន បីលើក)​;​ និង៣. បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា​ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាម​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​ បានឱ្យដឹងថា​កាលវេលា ម៉ោង ២២:៣០នាទីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៦ រូបគាត់​(ជនរងគ្រោះ​)​ និងដៃគូរបានធ្វើដំណើរពីខេត្តសៀមរាប ទៅខេត្តបន្ទាយមានជ័យ លុះបើកមកដល់ចំណុច ភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ស្រាប់តែមានរថយន្តម៉ាកលុចស៊ីច ៣០០ ពណ៌ស បើកបរដោយឈ្មោះ ឆាង យូរេត ក្នុងស្ថានភាពស្រវឹងជោគជាំ ជិះតាមបំបុករថយន្តរបស់គាត់ ចំនួនបីលើក លើកទី មួយ បុកពីក្រោយ ,លើកទីពី បើកគៀងរថយន្តគាត់ក្នុងល្បឿងយ៉ាងលឿនក្នុង ល្បឿន ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ,និងលើកទីបី បុគ្គលនេះបើកឡានទៅហួសរថយន្តគាត់រួចហើយ តែបកក្រោយវិញ ដេញតាមបំបុកគាត់ថែមទៀតជាង ១០នាទីពេញផ្លូវ។

ជនរងគ្រោះ​ បានរៀបរាប់​បន្តថា​ សកម្មភាពយ៉ាងសាហាវព្រៃផ្សៃនេះ បុគ្គលនេះតាមបំបុករថយន្តគាត់ដល់ទៅ បីលើក ធ្វើឱ្យគាត់មានការភិតភ័យ បើកបរ គេចយករួចជីវិត ស្ទើរពុំបាន ដោយសារគាត់មានស្មារតីរឹងមាំ ទើបរួចមានជីវិត ពីការបុកសម្លាប់ដល់ទៅ បីដង។

ដើម្បីសុវត្ថិភាព រូបគាត់​(ជនរងគ្រោះ​)បានបើកបរយ៉ាងលឿនណាស់ កុងទ័ររហូតដល់ ១៦០ ដើម្បីរស់រាន់មានជីវិតពីការ បុកនេះ ស្ទើរតែគ្រោះថ្នាក់ក្រឡាប់ឡាន រត់គេចពីការតាមបុកសម្លាប់របស់បុគ្គលខាងលើ។

ពេលដល់រង្វង់ស្រុកក្រឡាញ់ ខ្លួនបានបើកឡានរត់ទៅរកទីប្រជុំជនដើម្បីឱ្យគេជួយ និងបានបើកមកដល់ឱសថស្ថាន ហាក់ ប៊ុនហេង ហើយចុះពីលើរថយន្ត ស្រាប់តែបុគ្គលជនបង្ក បានចុះមកតាមគាត់ទៀត​ ហើយនិយាយថា ចុម!តាមបុកច្រឡំមនុស្ស។ សម្តីបុគ្គលនេះប្រមាថជីវិតរបស់ពួកគាត់ជាខ្លាំង។ យកការបុកសម្លាប់នេះជាដោះស្រាយ រឿងស្រីស្នេហ៍របស់ខ្លួនដែលឈ្លោះគ្នា (កំណត់ហេតុរបស់កងរាជអាវុធខេត្តសៀមរាប)។

បុគ្គលនេះមានសភាពស្រវឹងជោគជាំខ្លាំងណាស់ ដើរស្ទើរតែមិនរត់ តែបើកឡានតាមបំបុកលឿនខ្លាំងតែ មែនទែន។ លុះដល់វេលាម៉ោង ០២:១០នាទី ទៀបភ្លឺ រូបគាត់​ជាជនរងគ្រោះ​ បានដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ក្រឡាញ់តែម្តង។​ និងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គាត់ក៏ដាក់ពាក្យបណ្ដឹងមួយច្បាប់ទៀតនៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តសៀមរាប មួយច្បាប់ទៀត។​ លុះនៅថ្ងៃទី ២០ ខែកុម្ភៈ​ ឆ្នាំ២០២៦ គាត់ក៏មកដាក់ពាក្យបណ្ដឹងនៅស្ថាប័នអយ្យការដើម្បីទាមទារយុត្តិធម៌ដែល ត្រូវបានគេតាមបំបុកសម្លាប់ដល់ទៅ បីលើក។

ជនរងគ្រោះ​ បានបញ្ជាក់ថា​ ហេតុនេះ រូបគាត់ក៏បានប្ដឹងទាមទារ​ពីជនបង្ក​រួមមាន​៖​ ទី១. សុំឱ្យស្ថាប័យអយ្យការចាត់វិធានការផ្លូវច្បាប់ និងជួយស្វែងរកយុត្តិធម៌ដល់រូបគាត់​ និងទី២. ទាមទារសំណងជំងឺចិត្ត ប្រាំម៉ឺនដុល្លាអាមេរិក ពីអំពើព្រៃផ្សៃរបស់ជនល្មើស។ 

គួរជម្រាបជូនថា​ យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹងថា​ បុគ្គលឈ្មោះ​ ឆាង យូរេត​ មានមុខ​ងារ​និងតួនាទីជាមន្រ្តីរដ្ឋបាលព្រៃស្រុក​ក្រឡាញ់​ គឺ​ល្បី​រឿង​អាស្រូវ​ច្រើន​ ហើយ​នៅថ្ងៃកេីតហេតុ​ គឺលោកមេព្រៃម្នាក់ ព្រោះតែខឹងស្រីស្នេហ៍ស្មានតែឡើងជិះឡាន ជាមួយអ្នកផ្សេង ក៏បានបើកបររថយន្តក្នុងស្ថានភាពស្រវឹងដេញបុក​ ជនរងគ្រោះ​ក្នុងបំណងមនុស្សឃាត លុះដល់ពេលខ្លួនឈប់រថយន្ត​ ទើបដឹងថាអ្នកដែលខ្លួនបើករថយន្តដេញបុកនោះ​ គឺជាមន្ត្រីអាជ្ញាសាលា​ខេត្ត​បន្ទាយមានជ័យ​ ក៏ភ័យខ្លួនឯងរហូតឡើងស្វាងស្រា​ ហើយនិយាយថាខ្លួនបើដេញបុកច្រឡំទៅវិញ។ ចំពោះ​​ចេតនាអាក្រក់​របស់​លោកមេព្រៃម្នាក់នេះ ក៏ត្រូវ​បានប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ក្រឡាញ់​ មើលឃើញពី​ចារិក​អំនួត​អួត​អាង​របស់​ខ្លួន​ផងដែរ។ ដូច្នេះ​ពលរដ្ឋ​សំណូមពរ​ដល់​ស្ថាប័ន​ច្បាប់​ ក៏ដូចជា​ថ្នាក់ដឹកនាំក្រសួង​ដែលជា​មេកើយ​របស់​បុគ្គល​ ឆាង យូរេត​ គួរមាន​វិធានការ​ណាមួយ​ឬក៏ផ្អាកការងាររបស់គាត់​បណ្ដោះអាសន្ន​សិន​ ដេីម្បីសេីុប​អង្កេត​ និងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។

ជុំវិញករណីខាងលេីនេះ​ អង្គភាព​កាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ នៅថ្ងៃទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ ព្យាយាម​ទំនាក់ទំនង​ទៅ​លោក​ ឆាង យូរេត​ មានមុខ​ងារ​និងតួនាទីជាមន្រ្តីរដ្ឋបាលព្រៃស្រុក​ក្រឡាញ់​ ដែរ​ ប៉ុន្ដែ​មិន​មាន​លេខ​ទូរស័ព្ទ​របស់គាត់។ ហេីយ​ប្រសិនបើ​សាមីខ្លួន​ ចង់បកស្រាយ​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ​នេះ​ អង្គភាព​យេីង​រង់ចាំ​ការបំភ្លឺ​ផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print